A A A A A

បាប : [អំពើផិតក្បត់]


១ កូរិនថូសទី ៦:១៨
ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ‍។​ បាប​ទាំងឡាយ​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ​

ហេព្រើរ ១៣:៤
​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​

យ៉ាកុប ៤:១៧
​ដូច្នេះ​ អ្នកណា​ដែល​ដឹង​អំពើ​ល្អ​ដែល​គួរ​ធ្វើ​ ប៉ុន្ដែ​មិន​ព្រម​ធ្វើ​ អ្នក​នោះ​មាន​បាប​ហើយ។​

១ យ៉ូហាន ១:៩
ប៉ុន្ដែ​បើ​យើង​ទទួល​សារភាព​បាប​របស់​យើង​ នោះ​ព្រះអង្គ​ស្មោះ​ត្រង់​ និង​សុចរិត​ ព្រះអង្គ​នឹង​លើកលែង​ទោស​បាប​របស់​យើង​ ព្រម​ទាំង​សំអាត​យើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់​ផង។​

លូកា ១៦:១៨
អ្នកណា​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​ហើយ​ ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​ នោះ​ក៏​ផិត​ក្បត់​ដែរ។​

ម៉ាថាយ ១៩:៩
ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ រួច​រៀបការ​មួយ​ទៀត​ នោះ​គឺ​ផិតក្បត់​ហើយ»។​

រ៉ូម ៧:២-៣
[២] គឺ​ស្ដ្រី​រៀបការ​ហើយ​ ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី​ដោយសារ​ក្រឹត្យ​វិន័យ​ នៅ​ពេល​ប្ដី​នោះ​មាន​ជីវិត​នៅ​ឡើយ​ តែ​បើ​ប្ដីស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ស្ដី​អំពី​ប្ដី​នោះ​ហើយ​[៣] ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​

សម្គាល់ ១០:១១-១២
[១១] ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ​[១២] រីឯ​ប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​

ម៉ាថាយ ៥:២៧-៣២
[២៧] អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ កុំ​ផិតក្បត់​ឲ្យ​សោះ​[២៨] ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​[២៩] បើ​ភ្នែក​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយរៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ស្ថាន​នរក។​[៣០] បើ​ដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយវៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក។​[៣១] មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ អ្នកណា​លែង​ប្រពន្ធ​ អ្នក​នោះ​ត្រូវ​ប្រគល់​លិខិត​លែង​លះ​ឲ្យ​នាង។​[៣២] ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​

១ កូរិនថូសទី ៦:៩-១៦
[៩] ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា[១០] ពួក​ចោរ​ ពួក​មនុស្ស​លោភ​ ពួក​មនុស្ស​ប្រមឹក​ ពួក​ប្រមាថ​គេ​ ព្រមទាំង​ពួក​មនុស្ស​បោកប្រាស់​ នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ​[១១] ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​[១២] ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​ ប៉ុន្ដែ​មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​គ្រប់គ្រងលើ​ខ្ញុំ​បាន​ឡើយ‍។​[១៣] អាហារ​សម្រាប់​ក្រពះ​ ហើយ​ក្រពះ​ក៏​សម្រាប់​អាហារ​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​របស់​ទាំង​ពីរ​នេះ​ រីឯ​រូបកាយ​វិញ​មិន​មែន​សម្រាប់​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ទេ​ គឺ​សម្រាប់​ព្រះអម្ចាស់​ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។​[១៤] ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះអម្ចាស់​ឲ្យ​រស់​ឡើង​វិញ​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ ដោយសារ​អំណាច​របស់​ព្រះអង្គ​ដែរ​[១៥] តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​អវយវៈ​របស់​ព្រះគ្រិស្ដ?​ ដូច្នេះ​ តើ​គួរ​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះគ្រិស្ដ​ធ្វើ​ជា​អវយវៈ​របស់​ស្ដ្រី​ពេស្យា‍​បាន​ឬ?​ ទេ​ មិន​បាន​ជា​ដាច់ខាត​[១៦] ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ អ្នក​ដែល​រួមរ័ក​ជាមួយ​ស្រ្តី​ពេស្យា​ មាន​រូបកាយ​តែ​មួយ​ជាមួយ​នាង​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​រូបកាយ​តែ​មួយ»​

លូកា ១៨:១៨-២០
[១៨] មាន​អ្នក​គ្រប់គ្រង​ម្នាក់​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទុកជា​មរតក?»​[១៩] ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ?​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់។​[២០] អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​ផិតក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ ហើយ​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​

១ ថែស្សាឡូនីចទី ៤:៣-៥
[៣] ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​[៤] ហើយ​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់គ្រង​រូបកាយ​របស់​ខ្លួន​ដោយ​បរិសុទ្ធ​ និង​សេចក្ដី​ថ្លៃថ្នូរ​[៥] មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​

សម្គាល់ ៧:២០-២៣
[២០] ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​[២១] ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​[២២] ផិត​ក្បត់​ លោភ​លន់​ ចិត្ដ​អាក្រក់​ បោក​ប្រាស់​ ល្មោភ​កាម​ ច្រណែន​ឈ្នានីស​ ជេរ​ប្រមាថ ​អំនួត​ ឆ្កួត​លេលា​[២៣] គឺ​សេចក្ដី​អាក្រក់​ដែល​ចេញ​មក​ពី​ខាង​ក្នុង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។​

ម៉ាថាយ ១៥:១៧-២០
[១៧] តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ​ ហើយ​បញ្ចេញ​ទៅ​ក្នុង​បង្គន់​ទេ​ឬ?​[១៨] ប៉ុន្ដែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​ គឺ​ចេញ​មក​ពី​ចិត្ដ​ សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​[១៩] ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​[២០] គឺ​សេចក្ដី​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ប៉ុន្ដែ​ការ​បរិភោគ​ដោយ​មិន​បាន​លាង​ដៃ​ មិន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ឡើយ»។​

ចន ៨:៤-១១
[៤] ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​ នៅ​ពេល​នាង​កំពុង​ផិត​ក្បត់​[៥] ហើយ​លោក​ម៉ូសេ​បាន​បង្គាប់​យើង​នៅ​ក្នុង​គម្ពីរ​វិន័យ​ ឲ្យ​គប់​ស្ត្រី​បែប​នេះ​នឹង​ដុំ​ថ្ម​ ដូច្នេះ​ តើ​លោក​ថា​យ៉ាង​ដូចម្ដេច​ដែរ?»[៦] ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​[៧] នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​[៨] បន្ទាប់​មក​ ព្រះអង្គ​ក៏​ឱន​សរសេរ​នៅ​លើ​ដី​ម្តង​ទៀត។​[៩] ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​[១០] ព្រះយេស៊ូ​ក៏​ងើប​ឡើង​ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ តើ​ពួកគេ​នៅ‍​ឯណា?​ តើ​គ្មាន​អ្នកណា​ដាក់​ទោស​អ្នក​ទេ​ឬ?»​[១១] នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​

១ កូរិនថូសទី ៧:១-៤០
[១] ចំពោះ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​សរសេរ‍​មក‍​នោះ​ ជា​ការ​ប្រសើរ​ដែល​មនុស្ស​ប្រុស​មិន​ប៉ះ​ពាល់​ស្រី​[២] ប៉ុន្ដែ​ដើម្បី​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ចូរ​ឲ្យ​បុរស​ម្នាក់ៗ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន​ចុះ​ ហើយ​ស្ដ្រី​ម្នាក់ៗ​ក៏ត្រូវ​មាន​ប្តី​ជារបស់​ខ្លួន​ដែរ​[៣] ​ប្ដី​ត្រូវ​បំពេញ​កាតព្វកិច្ច​ជាប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន​ រីឯ​ប្រពន្ធ​ក៏ត្រូវ​ធ្វើ​ដូច្នោះ​ ចំពោះ​ប្ដី​ខ្លួន​វិញ​ដែរ​[៤] ប្រពន្ធ​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ​ ប៉ុន្ដែ​គឺ​ប្ដី​វិញ​ រីឯ​ប្ដី​ក៏​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គឺ​ប្រពន្ធ​វិញ​[៥] កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ​ លើកលែង​តែ​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ ដើម្បី​ញែក​ពេល​មួយ​អធិស្ឋាន​ រួច​ហើយ​ត្រូវ​នៅ​ជាមួយ​គ្នា​វិញ​ ក្រែងលោ​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់គ្នា​ដោយ​ព្រោះ​តែ​ទប់​ចិត្ដ​មិន​បាន​[៦] ប៉ុន្ដែខ្ញុំ​និយាយ​បែប​នេះ​ទុក​ជា​យោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ​[៧] ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដូចជា​ខ្ញុំ​ដែរ​ ប៉ុន្ដែ​ម្នាក់ៗ​មាន​អំណោយទាន​មក​ពី​ព្រះជាម្ចាស់​រៀងៗ​ខ្លួន​ គឺ​ម្នាក់​បែប​នេះ​ ហើយ​ម្នាក់​ទៀត​បែប​នោះ​[៨] ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួកអ្នក​នៅ​លីវ​ និង​ពួក​ស្រ្ដី​មេម៉ាយ​ថា​ ប្រសិនបើ​ពួកគេ​នៅ​ដូចជា​ខ្ញុំ​បាន​ នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​[៩] ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​[១០] ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​[១១] ប៉ុន្ដែ​បើ​នាង​ត្រូវ​បែក​ពី​ប្ដី​មែន​ ចូរ​ឲ្យ​នាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត​ ឬ​ត្រូវ​ផ្សះផ្សា​ជាមួយ​ប្ដី​វិញ​ រីឯ​ប្ដី​មិន​ត្រូវ​បោះបង់​ប្រពន្ធ​ឡើយ​[១២] ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​[១៣] រីឯ​ប្រពន្ធ​វិញ​ បើ​មាន​ប្ដី​ដែល​មិន​ជឿ​ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយ​នាង​ ចូរ​កុំ​បោះបង់​ប្ដី​ឡើយ​[១៤] ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​[១៥] ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​[១៦] ឱ​ស្រ្ដី​ជា​ប្រពន្ធ​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្ដី​របស់​អ្នក​បាន?​ ឱ​បុរស​ជា​ប្ដី​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក​បាន‍?​[១៧] ​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​[១៨] អ្នកណា​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​នៅ​ពេល​កាត់ស្បែក​រួច​ហើយ​ ចូរ​កុំ​ឲ្យ​អ្នក​នោះ​បំបាត់​ស្នាម​ឡើយ​ រីឯ​អ្នកណា​ដែល​ព្រះជាម្ចាស់ត្រាស់ហៅ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​ ចូរ​កុំ​ឲ្យ​កាត់ស្បែក​ឡើយ​[១៩] ការ​កាត់ស្បែក​ ឬ​ការ​មិន​កាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ​ ប៉ុន្ដែ​ការ​ដែល​សំខាន់​ គឺ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​[២០] ព្រះជាម្ចាស់​ត្រាស់ហៅ​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ​[២១] តើ​ព្រះជាម្ចាស់​ត្រាស់ហៅ​អ្នក​ ពេល​អ្នក​ជា​បាវបម្រើ​ឬ?​ ចូរ​កុំ​ខ្វល់​ឡើយ​ ប៉ុន្ដែបើ​អ្នក​អាច​ត្រលប់​ជា​មាន​សេរីភាព​បាន​ នោះ​ចូរ​ធ្វើ​ចុះ​[២២] ដ្បិត​នៅ​ក្នុង​ព្រះអម្ចាស់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ នៅ​ពេល​ជា​បាវបម្រើ​ អ្នក​នោះ​ជា​អ្នក​មាន​សេរីភាព​របស់​ព្រះអម្ចាស់​ ដូចគ្នា​ដែរ​ អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ ​នៅពេល​ជា​អ្នក​មាន​សេរីភាព​ អ្នក​នោះ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​[២៣] ព្រះអង្គ​បាន​បង់​ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ចូរ​កុំ​ធ្វើ​ជា​បាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ​[២៤] បងប្អូន​អើយ!​ ព្រះជាម្ចាស់​ត្រាស់ហៅ​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ‍​ នៅ​ចំពោះ​ព្រះជាម្ចាស់។​[២៥] រីឯ​មនុស្ស​មិន​ទាន់​រៀបការ​ ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មក​ពី​ព្រះអម្ចាស់​ទេ​ ប៉ុន្ដែ​ខ្ញុំ​ជូន​គំនិត​ក្នុង​នាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារ​ព្រះអម្ចាស់​មេត្តា​[២៦] ខ្ញុំ​គិត​ដូច្នេះ​ថា​ ដែល​មនុស្ស​នៅ​បែប​នេះ​នោះ​ល្អ​ហើយ‍​ ដោយ​ព្រោះ​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន។​[២៧] បើ​អ្នក​មាន​ប្រពន្ធ​ហើយ​ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​ប្រពន្ធ​[២៨] ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​[២៩] បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​[៣០] អ្នក​យំសោក​ដូចជា​មិន​យំសោក​ អ្នក​ត្រេកអរ​ដូចជា​មិន​ត្រេកអរ​ ហើយ​អ្នក​ដែល​ទិញ​ដូចជា​មិន​មាន​អ្វី​សោះ​[៣១] រីឯ​អ្នក​ដែល​ប្រើ​លោកិយ​ដូចជា​មិន​បាន​ប្រើ​សោះ​ ដ្បិត​លោកិយ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​កន្លង​ផុត​ទៅ​[៣២] ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ទេ​ អ្នក​ដែល​គ្មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអម្ចាស់​ប៉ុណ្ណោះ​[៣៣] រីឯ​អ្នក​ដែល​មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្រពន្ធ​ប៉ុណ្ណោះ​[៣៤] ហើយ​គេ​មាន​ចិត្ដ​បែងចែក។​ រីឯ​ស្រ្ដី​ដែល​គ្មាន​ប្ដី​ និង​ស្រី​ក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ ដើម្បី​ឲ្យ​នាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ​ និង​វិញ្ញាណ​ ប៉ុន្ដែ​ស្រ្ដី​ដែល​មាន​ប្ដី​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្ដី​ប៉ុណ្ណោះ។​[៣៥] ខ្ញុំ​និយាយ​បែប​នេះ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ផ្ទាល់​ មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់គ្នា​ទេ​ គឺ​និយាយ​អំពី​អ្វី​ដែល​ថ្លៃថ្លា​ និង​ការ​បម្រើ​ព្រះអម្ចាស់​ដោយ​គ្មាន​កង្វល់​[៣៦] ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​គិត​ថា​ខ្លួន​ប្រព្រឹត្ដ​មិន​សមរម្យ​ចំពោះ​គូ​ដណ្ដឹង​របស់​ខ្លួន​ ហើយ​បើ​នាង​ហួស​វ័យ​ ចូរ​ឲ្យ​គាត់​ធ្វើ​តាម​បំណង​របស់​គាត់​ចុះ​ គឺ​រៀប​ការ​នឹង​នាង​ ដ្បិត​គាត់​មិន​ធ្វើ​បាប​ទេ។​[៣៧] ប៉ុន្ដែ​អ្នកណា​ដែល​ឈរ​មាំមួន​នៅ​ក្នុង​ចិត្ដ​ គ្មាន​ការ​បង្ខិត​បង្ខំ​ ប៉ុន្ដែ​អាច​គ្រប់គ្រង​លើ​ចំណង់​របស់​ខ្លួន​បាន​ ព្រមទាំង​បាន​សម្រេចចិត្ដ​ថា​ នឹង​ទុក​ឲ្យ​គូ​ដណ្ដឹង​នៅ​ក្រមុំ​ គាត់​ធ្វើ​ប្រសើរ​ហើយ​[៣៨] ដូច្នេះ​ អ្នក​ដែល​រៀបការ​នឹង​គូ​ដណ្ដឹង​ នោះ​ធ្វើ​បាន​ប្រសើរ​ហើយ​ ប៉ុន្ដែ​អ្នក​ដែល​មិន​រៀបការ​ នោះ​ធ្វើ​បាន​កាន់​តែ​ប្រសើរ‍​ជាង។​[៣៩] ដរាបណា​ប្ដី​នៅ​រស់​ ប្រពន្ធ​ជាប់​ចំណង​នឹង​ប្ដី​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ ​នាង​មាន​សេរីភាព​រៀបការ​នឹង​អ្នក​ដែល​នាង​ចង់​រៀបការ​ គឺ​នៅ​ក្នុង​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ​[៤០] ប៉ុន្ដែ​តាម​យោបល់​របស់​ខ្ញុំ​ ​បើ​នាង​នៅ​ដូច្នោះ​បាន​ នោះ​មាន​ពរ​ជាង​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែរ។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries