A A A A A

អាថ៌កំបាំង: [នាគ]


វិវរណៈ ១:៧
មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​

វិវរណៈ ១១:៧
កាល​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​ មាន​សត្វ​សាហាវ​ឡើង​ពី​ទី​ជម្រៅ​មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ​ ហើយ​សម្លាប់​ពួកគេ​ផង​

វិវរណៈ ១៣:៨
រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​

វិវរណៈ ១៦:១៣
ខ្ញុំ​បាន​ឃើញ​វិញ្ញាណ​អាក្រក់​បី​ ដូច​ជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ​ ពី​មាត់​សត្វ​សាហាវ​នោះ​ និង​ពី​មាត់​ពួកអ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​

វិវរណៈ ១២:១-១៧
[១] មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ដួង​អាទិត្យ​ ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ ក៏​មាន​ផ្កាយ​ដប់​ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។​[២] នាង​មាន​ផ្ទៃពោះ​ ហើយ​ស្រែក​ឡើង​ ដោយ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។​[៣] ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​[៤] រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​[៥] នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​[៦] ស្រ្ដី​នោះ​បាន​រត់​គេច​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ដើម្បី​ចិញ្ចឹម​នាង​នៅ​ទី​នោះ​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ។​[៧] ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​[៨] ប៉ុន្ដែ​ពួកវា​មិន​បាន​ឈ្នះ​ទេ​ ហើយ​ក៏​មិន​ឃើញ​មាន​កន្លែង​ណា​សម្រាប់​ពួកវា​នៅ​លើ​មេឃ​ទៀត​ដែរ​[៩] នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​[១០] រួច​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ «ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ព្រមទាំង​សិទ្ធិ​អំណាច​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​វា​នោះ​ហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។​[១១] ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​[១២] ហេតុ​នេះ​ ឱ​ស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រ​វិញ​ ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នក​រាល់គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។​[១៣] នៅ​ពេល​នាគ​ឃើញ​ថា​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ​ វា​ក៏​បៀតបៀន​ស្រ្ដី​ដែល​បាន​សម្រាល​កូន​ប្រុស​នោះ។​[១៤] ប៉ុន្ដែ​ស្រ្ដី​នោះ​បាន​ទទួល​ស្លាប​ពីរ​របស់​សត្វ​ឥន្ទ្រី​ដ៏​ធំ​ ដើម្បី​ឲ្យ​នាង​អាច​ហើរ​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​របស់​នាង​ដែល​នាង​នឹង​ទទួល​បាន​ការ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ និង​កន្លះ​ឆ្នាំ​ ផុត​ពី​មុខ​សត្វ​ពស់​នោះ។​[១៥] ពស់​នោះ​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​របស់​វា​មក​ដូច​ជា​ទន្លេ​តាម​ពី​ក្រោយ​ស្រ្ដី​នោះ​ ដើម្បី​ធ្វើ​ឲ្យ​នាង​រសាត់​ទៅ​តាម​ទឹក​ជំនន់។​[១៦] ប៉ុន្ដែ​ ផែនដី​បាន​ជួយ​ស្រ្ដី​នោះ​ គឺ​ផែនដី​បាន​ហា​មាត់​ ហើយ​លេប​ទន្លេ​ដែល​នាគ​នោះ​បាន​ព្រួស​ចេញ​ពី​មាត់​វា​មក។​[១៧] ដូច្នេះ​នាគ​ក៏​ខឹង​នឹង​ស្រ្ដី​នោះ​ជា​ខ្លាំង​ ហើយ​ក៏​ចេញ​ទៅ​ច្បាំង​ជាមួយ​នឹង​កូន​ចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​ បន្ទាប់​មក​ វា​ក៏​ឈរ​នៅ​លើ​ខ្សាច់​សមុទ្រ។​

វិវរណៈ ១៣:១-១៨
[១] នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​[២] សត្វ​សាហាវ​ដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារ​ខិន​ ជើង​របស់​វា​ដូច​ជា​ជើង​របស់​ខ្លា​ឃ្មុំ​ ហើយ​មាត់​របស់​វា​ដូច​ជា​មាត់​របស់​សត្វ​តោ។​នាគ​ក៏​ប្រគល់​អំណាច​ និង​បល្ល័ង្ក​របស់​វា​ ព្រមទាំង​សិទ្ធិ​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ​[៣] ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​[៤] ពួកគេ​ថ្វាយបង្គំ​នាគ​ ព្រោះ​វា​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​វា​ដល់​សត្វ​សាហាវ​នោះ​ ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ដែរ​ ទាំង​និយាយ​ថា៖​ «តើ​មាន​នរណា​ដូច​សត្វ​នេះ​ តើ​មាន​នរណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?​»[៥] សត្វ​សាហាវ​នោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ធ្វើ​សកម្មភាព​សែសិបពីរ​ខែ។​[៦] វា​បាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅ​របស់​ព្រះអង្គ​ ព្រមទាំង​ពួកអ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។​[៧] វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​[៨] រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​[៩] អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​[១០] អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​[១១] ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ចេញ​ពី​ដី​មក​ វា​មាន​ស្នែង​ពីរ​ដូច​ជា​កូនចៀម​ ហើយ​វា​និយាយ​ដូច​ជា​នាគ។​[១២] វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វ​សាហាវ​ទីមួយ​ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វ​សាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។​[១៣] វា​ធ្វើ​ទី​សំគាល់​ធំៗ​ សូម្បី​តែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​នៅ​មុខ​មនុស្ស​ផង​[១៤] ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​[១៥] វា​ក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់​វិញ្ញាណ​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ ដើម្បី​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​និយាយ​បាន​ និង​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​មិន​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ស្លាប់​ផង។​[១៦] វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ ទាំង​តូច​ ​ទាំង​ធំ​ ទាំង​អ្នកក្រ​ ទាំង​អ្នកមាន​ ទាំង​អ្នក​មាន​សេរីភាព ទាំង​បាវបម្រើ​ឲ្យ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ​ ឬ​នៅ​លើ​ថ្ងាស​របស់​ពួកគេ​[១៧] ដើម្បី​កុំ​ឲ្យ​អ្នកណា​អាច​ទិញ​ ​ឬ​លក់​អ្វី​បាន​ឡើយ​ ប្រសិន​បើ​គេ​គ្មាន​សញ្ញា​សំគាល់​នោះ​ទេ​ គឺ​ជា​ឈ្មោះ​របស់​សត្វ​សាហាវ​នោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។​[១៨] នេះ​ហើយ​គឺ​ជា​ប្រាជ្ញា​ ហើយ​អ្នកណា​ដែល​មាន​ការ​យល់​ដឹង​ ចូរ​គិត​លេខ​របស់​សត្វ​សាហាវ​នោះ​ចុះ​ ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​ លេខ​របស់​វា​គឺ​ ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។​

វិវរណៈ ២០:១-១៥
[១] បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក​ ទាំង​កាន់​កូនសោ​ទី​ជម្រៅ​ និង​ច្រវាក់​យ៉ាង​ធំ​នៅ​ក្នុង​ដៃ​[២] ទេវតា​នោះ​ក៏​ចាប់​នាគ​នោះ​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជា​មេ​អារក្ស​ផង​ និង​ជា​សាតាំង​ផង​ ហើយ​ចង​វា​ទុក​រយៈ​ពេល​មួយពាន់​ឆ្នាំ​[៣] រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​[៤] ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​[៥] រីឯ​មនុស្ស​ស្លាប់​ឯ​ទៀតៗ​មិន​បាន​រស់​ឡើង​វិញ​ទេ​ រហូត​ទាល់​តែ​គ្រប់​មួយពាន់​ឆ្នាំ​នោះ​សិន។​ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទីមួយ។​[៦] មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។[៧] លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​[៨] ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​[៩] ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ​[១០] រីឯ​អារក្ស​សាតាំង​ដែល​បោក​បញ្ឆោត​ពួកគេ​ ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វ​សាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។​[១១] បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​ និង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ដែរ​ រីឯ​ផែនដី​ និង​ផ្ទៃ​មេឃ​ក៏​រត់​គេច​ពី​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ទៅ​ ហើយ​ឥត​ឃើញ​មាន​កន្លែង​ណា​ទៀត​សម្រាប់​ពួកវា​ឡើយ។​[១២] ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​[១៣] សមុទ្រ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ រីឯ​សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ មក​វិញ​ដែរ​ ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំ​ជម្រះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​[១៤] បន្ទាប់​មក​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង។​ បឹងភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ​[១៥] ហើយ​បើ​អ្នកណា​ដែល​មិន​ឃើញ​មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​ អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹងភ្លើង​នោះ។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries