A A A A A

ចរិតល្អ: [ការទទួលយក]


១ កូរិនថូសទី ៥:១១-១៣
[១១] ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ ដែល‍​គេ​ហៅ​ថា​ជា​បងប្អូន​ ប៉ុន្ដែ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ មនុស្ស​លោភ​លន់​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ អ្នក​ជេរ​ប្រមាថ​ មនុស្ស​ប្រមឹក​ មនុស្ស​បោកប្រាស់​ គឺ​មិន​ត្រូវ​បរិភោគ​ជាមួយ​មនុស្ស​បែប​នេះ​ឡើយ​[១២] តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួកអ្នក​ក្រៅ​ដើម្បី​អ្វី​ ម្ដេច​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ពួកអ្នក​ខាង​ក្នុង​ដូច្នេះ?​[១៣] ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ខាង​ក្រៅ​ ចូរ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ‍។​

១ យ៉ូហាន ១:៩
ប៉ុន្ដែ​បើ​យើង​ទទួល​សារភាព​បាប​របស់​យើង​ នោះ​ព្រះអង្គ​ស្មោះ​ត្រង់​ និង​សុចរិត​ ព្រះអង្គ​នឹង​លើកលែង​ទោស​បាប​របស់​យើង​ ព្រម​ទាំង​សំអាត​យើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់​ផង។​

១ ពេត្រុសទី ៣:៨-៩
[៨] នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​[៩] ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​

ចន ៣:១៦
ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​

រ៉ូម ២:១១
ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​

រ៉ូម ៥:៨
តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​

រ៉ូម ៨:៣១
ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

រ៉ូម ១៤:១-២
[១] ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​[២] គឺ​ម្នាក់​ជឿ​ថា​ ខ្លួន​អាច​បរិភោគ​អាហារ​បាន​គ្រប់​មុខ​ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្សោយ​វិញ​បរិភោគ​តែ​បន្លែ​

ហេព្រើរ ១០:២៤-២៥
[២៤] ហើយ​ចូរ​ឲ្យយើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជួយ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ និង​ការ​ប្រព្រឹត្ដិ​ល្អ។​[២៥] កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ​

ចន ៦:៣៥-៣៧
[៣៥] ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ជា​នំប៉័ង​ជីវិត​ អ្នកណា​ដែល​មក​ឯ​ខ្ញុំ​ មិន​ឃ្លាន​ទៀត​ឡើយ​ ហើយ​អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ ក៏​មិន​ស្រេក​ទៀត​ដែរ​[៣៦] ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​បាន​ឃើញ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​[៣៧] អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​

កូល៉ុស ៣:១២-១៤
[១២] ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​[១៣] ចូរ​ទ្រាំទ្រ​គ្នា​ ​ទោះបី​មាន​រឿង​អ្វី​មួយ​ទាស់​នឹង​អ្នកណា​ក៏​ដោយ​ ត្រូវ​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​ព្រះអម្ចាស់​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់គ្នា​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​[១៤] លើស​ពី​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​ពាក់​សេចក្ដី​ស្រឡាញ់​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។​

ម៉ាថាយ ៥:៣៨-៤២
[៣៨] អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ ភ្នែក​សង​ដោយ​ភ្នែក​ ធ្មេញ​សង​ដោយ​ធ្មេញ។​[៣៩] ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​តប‍ត​មនុស្ស​អាក្រក់​ បើ​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ។​[៤០] ចំពោះ​អ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ​ខាង​ក្នុង​របស់​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​អាវ​វែង​ផង។​[៤១] អ្នកណា​ដែល​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​ពាន់​ជំហាន​ ចូរ​ទៅ​ជាមួយ​គេ​ពីរ​ពាន់​ជំហាន​ចុះ។​[៤២] ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ ហើយ​កុំ​គេច​ពី​អស់​អ្នក​ដែល​ចង់​ខ្ចី​ឡើយ។​

ម៉ាថាយ ២៥:៣៤-៤០
[៣៤] នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​[៣៥] ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​[៣៦] កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​[៣៧] ពួក​អ្នក​សុចរិត​នឹង​ទូល​តប​វិញ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពី​កាល​ណា?​[៣៨] តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​[៣៩] តើ​យើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ ឬ​ជាប់​គុក​ពី​កាល​ណា?​[៤០] ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​

រ៉ូម ១៥:១-៧
[១] យើង​ជា​អ្នក​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍​រឹងមាំ​ ហើយ​មិន​ត្រូវ​ផ្គាប់​ចិត្ដ​ខ្លួន​ឯង​នោះ​ទេ​[២] ចូរ​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ពេញចិត្ដ​ ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ដ​ឡើង​[៣] ព្រោះ​សូម្បី​តែ​ព្រះគ្រិស្ដ​ ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ផ្ទាល់​ដែរ​ គឺ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដំណៀល​របស់​ពួកអ្នក​ដៀលត្មះ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ»​[៤] ដ្បិត​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​ គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង​ ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​តាមរយៈ​ការ​ស៊ូទ្រាំ​ និង​តាមរយៈ​ការ​លើក​ទឹកចិត្ដ​ពី​បទគម្ពីរ។​[៥] ឥឡូវ​នេះ​ សូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំ​ និង​ការ​លើក​ទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​[៦] ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដោយ​ព្រមព្រៀង​គ្នា​ និង​មាន​សំឡេង​តែ​មួយ។​[៧] ដូច្នេះ​ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះគ្រិស្ដ​បាន​ទទួល​អ្នក​រាល់គ្នា​ដែរ​ចុះ​ ដើម្បី​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

រ៉ូម ១៤:១០-១៩
[១០] ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​[១១] ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ យើង​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដូច្នេះ​ ​ជង្គង់​ទាំង​អស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង​ ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់។​[១២] ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​[១៣] ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​[១៤] ខ្ញុំ​ដឹង​ ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នកណា​ម្នាក់​ចាត់​ទុក​ថា​ វា​មិន​បរិសុទ្ធ​ ទើប​វា​ត្រលប់​ជា​មិន​បរិសុទ្ធ​សម្រាប់​អ្នក​នោះ​[១៥] ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​[១៦] ដូច្នេះ​ កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ការ​ល្អ​របស់​អ្នក​បាន​ឡើយ។​[១៧] ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​[១៨] ព្រោះ​អ្នក​ដែល​បម្រើ​ព្រះគ្រិស្ដ​តាម​របៀប​នេះ​ គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ណាស់​ ហើយ​មនុស្ស​ទាំងឡាយ​ក៏​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។​[១៩] ដូច្នេះ​ហើយ​ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​ ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ និង​ការ​ស្អាង​ចិត្ដ​ដល់​គ្នា​ទៅវិញ​ទៅមក។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries