A A A A A

ព្រះវិហារ: [គ្រូក្លែងក្លាយ]


លូកា ៦:២៦
វេទនា​ហើយ​ នៅ​ពេល​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់គ្នា ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដោយ​របៀប​នេះ​ដែរ។​

ម៉ាថាយ ២៤:២៤
ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​

ម៉ាថាយ ១៦:១១-១២
[១១] តើ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ដូច្នេះ​ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់គ្នា​អំពី​នំប៉័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»។​[១២] បន្ទាប់​មក​ ទើប​ពួកគេ​យល់​ថា​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​វិញ។​

២ ធីម៉ូថេទី ៤:៣-៤
[៣] ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​នឹង‍​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​[៤] ពួកគេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត​ រួច​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។​

២ ធីម៉ូថេទី ៤:៣-៤
[៣] ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​នឹង‍​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​[៤] ពួកគេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត​ រួច​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។​

កិច្ចការ ២០:២៨-៣០
[២៨] ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​[២៩] ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​[៣០] ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​

២ ពេត្រុសទី ៣:១៤-១៨
[១៤] ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​[១៥] ហើយ​ចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​[១៦] ហើយ​ដូច​នៅ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​[១៧] ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​រួច​ហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ខ្ជាប់ខ្ជួន​របស់​ខ្លួន​នោះ​ឡើយ​[១៨] ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​

១ យ៉ូហាន ៤:១-៦
[១] បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​[២] យើង​ស្គាល់​វិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​ដោយ​របៀប​នេះ​ គឺ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​ទទួលស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ វិញ្ញាណ​នោះ​ហើយ​ដែល​មក​ពី​ព្រះជាម្ចាស់​[៣] ប៉ុន្ដែ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះយេស៊ូ​ វិញ្ញាណ​នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ គឺ​ជា​វិញ្ញាណ​របស់​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ ដែល​អ្នក​រាល់គ្នា​បាន​ឮ​ថា​នឹង​មក​ ឥឡូវ​នេះ​ គេ​នៅ​ក្នុង​ពិភព​លោក​នេះ​ស្រាប់‍​ហើយ។​[៤] កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​[៥] ពួកគេ​មក​ពី​លោកិយ​ បាន​ជា​និយាយ​រឿង​របស់​លោកិយ​ ហើយ​លោកិយ​ក៏​ស្ដាប់​ពួកគេ​ដែរ។​[៦] រីឯ​យើង​វិញ​ យើង​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះជាម្ចាស់​ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ​ ប៉ុន្ដែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះជាម្ចាស់​ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត​ និង​វិញ្ញាណ​នៃ​ការ​បោក​ប្រាស់។​

ម៉ាថាយ ៧:១៥-២០
[១៥] ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​[១៦] រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​[១៧] ដូច្នេះ​ ដើម​ឈើ​ណា​ល្អ​ឲ្យ​ផ្លែ​ល្អ​ ហើយ​ដើម​ឈើ​ណា​មិនល្អ​ក៏​ឲ្យ​ផ្លែ​មិន​ល្អដែរ​[១៨] ដ្បិត​ដើម​ឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិន​ល្អ​ទេ​ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​[១៩] ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​[២០] ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​

២ ពេត្រុសទី ១:១២-២១
[១២] ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​[១៣] ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ត្រូវ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​[១៤] ដោយ​ដឹង​ថា​ ខ្ញុំ​នឹង​ដោះ​រោង​នេះ​ចេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូច​ដែល​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​[១៥] ខ្ញុំ​នឹង​ខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​លោក​នេះ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។​[១៦] ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​[១៧] ដ្បិត​ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​[១៨] យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​[១៩] យើង​មាន​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​[២០] ជា​បឋម​ត្រូវ​ដឹង​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល​នៅ​ក្នុង​បទគម្ពីរ​មិន​មែន​ជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ​[២១] ដ្បិត​ការ​ថ្លែង​ព្រះបន្ទូល​មិន​មែន​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ​ គឺ​មនុស្ស​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​ដែល​ព្រះវិញ្ញាណ​បណ្ដាល។​

ទីតុស ១:៦-១៦
[៦] អ្នក​នោះ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មាន​ប្រពន្ធ​តែ​មួយ​ មាន​កូន​ជា​អ្នក​ជឿ​ ដែល​គ្មាន​អ្នកណា​ចោទ​ប្រកាន់​ថា​ខិលខូច​ ឬ​មិន​ស្ដាប់​បង្គាប់​ឡើយ។​[៧] ក្នុង​នាម​ជា​អ្នក​មើល​ការ​ខុសត្រូវ​របស់​ព្រះជាម្ចាស់​ អ្នក​មើល​ការ​ខុសត្រូវ​នោះ​ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មិន​ធ្វើ​តាម​ទំនើង​ចិត្ដ​ មិន​រហ័ស​ខឹង​ មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ឬ​លោភ​ចង់​បាន​ដោយ​ថោកទាប​ឡើយ​[៨] ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​រាក់ទាក់​ ស្រឡាញ់​ការ​ល្អ​ ដឹង​ខុសត្រូវ​ សុចរិត​ បរិសុទ្ធ​ ចេះ​ទប់​ចិត្ត​[៩] ព្រមទាំង​កាន់​តាម​ព្រះបន្ទូល​ដ៏​ពិត​ ស្រប​តាម​សេចក្ដី​ដែល​បាន​រៀន​ ដើម្បី​អាច​លើក​ទឹកចិត្ដ​អ្នក​ដទៃ​បាន​ តាមរយៈ​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ និង​បង្ហាញ​ពួកអ្នក​ប្រឆាំង​ឲ្យ​ដឹង​កំហុស​ដែរ។​[១០] ដ្បិត​មនុស្ស​មិន​ស្ដាប់បង្គាប់​ មនុស្ស​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ និង​មនុស្ស​បោកបញ្ឆោត​ ពិត​ជា​មាន​ច្រើន​ណាស់​ ជា​ពិសេស​ក្នុង​ចំណោម​ពួក​កាត់ស្បែក​នេះ​ឯង‍។​[១១] ដូច្នេះ​ ត្រូវ​តែ​បិទ​មាត់​អ្នក​ទាំង​នោះ​ ដ្បិត​ដោយ​ព្រោះ​តែ​ការ​ចំណេញ​ដ៏​ថោកទាប​ ពួកគេ​បាន​បំផ្លាញ​គ្រួសារ​ទាំងឡាយ​ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន។​[១២] មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ពួកគេ​ផ្ទាល់​បាន​និយាយ​ថា​ អ្នក​ស្រុក​ក្រេត​សុទ្ធ​តែ​ជា​ពួក​កុហក​ ជា​សត្វ​សាហាវ​ដ៏​អាក្រក់​ ជា​ពួក​ល្មោភ​ស៊ី​ ហើយ​ខ្ជិល​ច្រអូស។​[១៣] សេចក្ដី​បន្ទាល់​នេះ​ពិត​ណាស់​ ដូច្នេះ​ចូរ​ស្ដី​បន្ទោស​ពួកគេ​យ៉ាង​តឹងរ៉ឹង​ ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿ​ត្រឹមត្រូវ​[១៤] ហើយ​កុំ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​របស់​ជនជាតិ​យូដា​ ឬ​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។​[១៥] ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​[១៦] ពួកគេ​ប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម​ ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។​

២ ពេត្រុសទី ២:១-២២
[១] ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​[២] មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​[៣] ដោយ​សារ​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​[៤] ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​[៥] ហើយ​បើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភព​លោក​ជំនាន់​មុន​ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​ និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​[៦] បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​[៧] ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​[៨] (ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ​ ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀង​រាល់ថ្ងៃ​ ដោយ​ព្រោះ​បាន​ឮ​ និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ)​[៩] ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​[១០] ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​[១១] ទោះបី​ពួក​ទេវតា​ដែល​មាន​កម្លាំង​ និង​អំណាច​ធំ​ជាង​ពួកគេ​ក៏​ដោយ​ ក៏​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។​[១២] ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​[១៣] ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​[១៤] ពួកគេ​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិត​ក្បត់​ ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ ជា​កូន​ត្រូវ​បណ្ដាសារ។​[១៥] ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​[១៦] ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​[១៧] មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​[១៨] ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​[១៩] ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​[២០] ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​[២១] ដ្បិត​សម្រាប់​ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ញត្ដិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​[២២] ការ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​ គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​

ម៉ាថាយ ២៣:១-២៩
[១] បន្ទាប់​មក​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​[២] ថា៖​ «ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​[៣] ដូច្នេះ​ អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ និង​កាន់​តាម​ចុះ​ ប៉ុន្ដែ​កុំ​ត្រាប់​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួក​គេ​ឡើយ​ ពី​ព្រោះ​ពួកគេ​បាន​តែ​និយាយ​ ប៉ុន្ដែ​មិន​ធ្វើ​ទេ​[៤] ពួកគេ​ចង​បន្ទុក​ដែល​ធ្ងន់​ និង​ពិបាក​ធ្វើ​តាម​ ដាក់​លើ​ស្មា​មនុស្ស​ តែ​ពួកគេ​មិន​ព្រម​យក​ម្រាម​ដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំង​នោះ​ទេ​[៥] ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​[៦] ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​[៧] ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​[៨] ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​[៩] កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​[១០] ហើយ​ក៏​កុំ​ឲ្យ​គេ​ហៅ​ថា​ម្ចាស់​ដែរ​ ដ្បិត​ម្ចាស់​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​ព្រះគ្រិស្ដ​[១១] អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នឹង​ត្រលប់​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​[១២] ព្រោះ​អ្នកណា​លើក​តម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើក​តម្កើង​វិញ។​[១៣] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​[១៤] វេទនា​ដល់​អ្នក​រាល់គ្នា​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ​ ហេតុនេះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ។​[១៥] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រលប់​ជា​អ្នក​កាន់​សាសនា​ រួច​ពេល​គេ​ត្រលប់​ជា​អ្នក​កាន់​សាសនា​ហើយ​ អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​គេ​ត្រលប់​ជា​អ្នក​ធ្លាក់​នរក​ លើស​អ្នក​រាល់គ្នា​ទ្វេ​ដង​[១៦] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​[១៧] មនុស្ស​កង្វាក់​ល្ងង់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​មាស​ ឬ​ជា​ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​បរិសុទ្ធ?​[១៨] ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​[១៩] មនុស្ស​កង្វាក់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​តង្វាយ​ ឬ​កន្លែង​ថ្វាយ​តង្វាយ​ ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​បរិសុទ្ធ?​[២០] ដូច្នេះ​ អ្នក​ដែល​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ គឺ​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​របស់​ទាំង​អស់​នៅ​លើ​នោះ​ហើយ​[២១] ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​[២២] អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌​ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​នៅ​លើ​នោះ​ហើយ។​[២៣] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​[២៤] អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ អ្នក​រាល់គ្នា​ស្រង់​មូស​ ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។​[២៥] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​[២៦] ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដ៏​កង្វាក់​អើយ!​ ចូរ​សំអាត​ខាង​ក្នុង​ពែង​ជា​មុន​សិន​ នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។​[២៧] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ដែល​លាប​ពណ៌​ស​ពី​ខាង​ក្រៅ​ មើល​ទៅ​ពិត​ជា​ស្អាត​មែន​ ប៉ុន្ដែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​ និង​ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​[២៨] ហើយ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ នៅ​ចំពោះ​មុខ​មនុស្ស​មើល​ទៅ​សុចរិត​ពី​ខាង​ក្រៅ​មែន​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​[២៩] វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សង់​ផ្នូរ​របស់​អ្នកនាំ​ព្រះបន្ទូល​ រួច​តុបតែង​ស្ដូប​របស់​ពួក​មនុស្ស​សុចរិត​

Khmer Bible 2012
Copyright © 2012 Words of Life Ministries