A A A A A

អាថ៌កំបាំង: [នាគ]


អេសេគាល ២៩:៣
ចូរ​ប្រកាស​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។

អេសេគាល ៣២:២
«ចូរ​ស្មូត្រ​ទំនួញ​បទ​មួយ​អំពី​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​អោយ​កក្រើក ហើយ​ល្អក់។

អេសាយ ២៧:១
នៅ​ថ្ងៃ​នោះ​ ព្រះអម្ចាស់ ​នឹង​ប្រើ ព្រះខ័ន​ដ៏​ធំ​ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក​ហើយ​មាន​កលល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។

អេសាយ ៥១:៩
ឱ​ ព្រះអម្ចាស់ ​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​ព្រះបារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះបារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។

ការងារ ៧:១២
តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើម ដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬ បាន​ជា​ព្រះអង្គ​ដាក់​អ្នក​យាមល្បាត នៅ​ជុំវិញ​ទូលបង្គំ​បែប​នេះ?

ការងារ ៤១:១៨-២១
[១៨] កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។[១៩] មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។[២០] មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។[២១] ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។

ទំនុកដំកើង ១៨:៨
មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះនាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាបឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។

ទំនុកដំកើង ៤៤:១៩
មិន​គួរ​ណា​ព្រះអង្គ​បំបរបង់​ចោល យើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ​ ព្រម​ទាំង​អោយ​យើង​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។

ទំនុកដំកើង ៧៤:១៣
ព្រះអង្គ​បាន​បង្ក្រាប​សមុទ្រ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​វាយ​កំទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ

វិវរណៈ ១:៧
មើល៍! ព្រះអង្គ​យាង​មក នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​ព្រះអង្គ ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

វិវរណៈ ១១:៧
ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខីភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។

ចោទិយកថា ៣២:៣៣
ស្រា​ទំពាំងបាយជូរ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ពិស​របស់​នាគ និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

វិវរណៈ ១៣:៨
ហើយ​មនុស្សម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

វិវរណៈ ១៦:១៣
ខ្ញុំ​ឃើញ​វិញ្ញាណ​អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែងក្លាយ

និក្ខមនំ ៧:១០-១២
[១០] លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។[១១] ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។[១២] ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។

ការងារ ៤០:១៥-២០
[១៥] ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ[១៦] កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា[១៧] កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់ព័ន្ធ​គ្នា[១៨] ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។[១៩] វា​ជា​ស្នា​ព្រះហស្ដ​ដ៏​វិសេស​របស់​ព្រះជាម្ចាស់ មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន​។[២០] វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។

វិវរណៈ ១២:១-១៧
[១] ពេល​នោះ មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក​នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះអាទិត្យ​បិទបាំង​កាយ​មាន​ព្រះច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។[២] ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ​ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សំរាល​បុត្រ។[៣] មាន​ទី​សំគាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិនឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ​របស់​វា មាន​មកុដ​ប្រាំពីរ​ដែរ។[៤] កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ​នៅ​ពេល​បុត្រ​នោះ​កើត​មក។[៥] នាង​សំរាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ​។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។[៦] រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោស្ថាន​ត្រង់​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​អោយ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។[៧] ពេល​នោះ ក៏​មាន​ចំបាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ[៨] ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។[៩] នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​មារ* ឬ​សាតាំង​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អោយ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។[១០] ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធានុភាព និង​ព្រះរាជ្យ*​ព្រះជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង​ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង​ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះភក្ត្រ​នៃ​ព្រះ​របស់​យើង។[១១] បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយសារ​ព្រះលោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។[១២] ហេតុ​នេះ​ស្ថាន​បរមសុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។[១៣] កាល​នាគ​ឃើញ​ថា ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សំរាល​បុត្រ។[១៤] នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះជាម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ អោយ​ឆ្ងាយ​ពី​មុខ​ពស់។[១៥] ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ​តាម​ពី​ក្រោយ​នាង ដើម្បី​អោយ​ទឹក​ហូរ​នាំ​យក​នាង​ទៅ[១៦] ក៏​ប៉ុន្តែ ព្រះធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។[១៧] នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះយេស៊ូ។

វិវរណៈ ១៣:១-១៨
[១] បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​ព្រះជាម្ចាស់។[២] សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន​ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សឹង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធានុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​អោយ​សត្វ​នោះ។[៣] ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះស្បើយ​ឡើង​វិញ។ មនុស្សម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។[៤] គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​អោយ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយបង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។[៥] សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះជាម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្មភាព ក្នុង​អំឡុង​ពេល​សែសិប​ពីរ​ខែ។[៦] វា​បាន​ហា​មាត់​ប្រមាថ​ព្រះជាម្ចាស់ គឺ​វា​ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ ប្រមាថ​ព្រះពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ*។[៧] វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យជំនះ​លើ​ពួក​គេ​ទៀត​ផង ។ វា​បាន​ទទួល​អំណាច​ត្រួតត្រា​លើ​កុលសម្ព័ន្ធ* ទាំង​អស់​ប្រជារាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់[៨] ហើយ​មនុស្សម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។[៩] ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អោយ​មែន​ទែន!។[១០] បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជាជន​ដ៏វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។[១១] បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។[១២] សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែនដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​អោយ​ក្រាប​ថ្វាយបង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះស្បើយ​វិញ​នោះ​ផង។[១៣] សត្វ​នោះ​បាន​សំដែង​ទី​សំគាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​អោយ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី អោយ​មនុស្ស​លោក​ឃើញ។[១៤] វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​អោយ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។[១៥] វា​បាន​ទទួល​អំណាច​ធ្វើ​អោយ​រូប​ចម្លាក់ សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​សត្វ​នោះ[១៦] វា​បាន​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ អោយ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។[១៧] ប្រសិន​បើ​គ្មាន​សញ្ញា​សំគាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សំគាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។[១៨] ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សំគាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុកសិប​ប្រាំ​មួយ។

វិវរណៈ ២០:១-១៥
[១] បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​ស្ថាន​នរក​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។[២] ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ​ជា​មារ* និង​ជា​សាតាំង។[៣] ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​អោយ​វា​ល្បួង​ជាតិ​សាសន៍​នានា​អោយ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។[៤] ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ និង​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយបង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សំគាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះគ្រិស្ដ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។[៥] រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​បាន​រស់​ឡើង​វិញ​ទេ គឺ​រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ​ទើប​រស់​ឡើង​វិញ។ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ[៦] អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ទៅ​ជា​បូជាចារ្យ*​របស់​ព្រះជាម្ចាស់ និង​របស់​ព្រះគ្រិស្ដ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។[៧] លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក[៨] ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​អោយ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​អោយ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។[៩] ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាសពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោមព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជារាស្ត្រ​ព្រះជាម្ចាស់ ព្រម​ទាំង​ឡោមព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។[១០] រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​អោយ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែងក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រងទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។[១១] បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះភក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។[១២] ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។[១៣] សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។[១៤] សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ ជា​សេចក្ដី​ស្លាប់​ទី​ពីរ។[១៥] អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។

Khmer Bible 1954
Public Domain: 1954