A A A A A

អាថ៌កំបាំង: [វាសនា]


សាស្ដា ៦:១០
អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។

ហាបាគុក ២:៣
និមិត្តហេតុ​ដ៏​អស្ចារ្យ​នឹង​សំរេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិការណ៍​កើត​ឡើង ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់ចាំ ដ្បិត​ព្រឹត្តិការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។

អេសាយ ៤៦:១០
យើង​បាន​ប្រាប់​ទុក​ជា​មុន​តាំង​ពី​គ្រា​ដំបូង នូវ​ហេតុការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរលង់ នូវ​ហេតុការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គំរោងការ​របស់​យើង មុខ​ជា​បាន​សំរេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។

អេសាយ ៥៥:១១
រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សំរេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​អោយ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។

យេរេមា ១:៥
«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សំរាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ព្យាការី សំរាប់​ប្រជាជាតិ​នានា»។

យេរេមា ១៧:១០
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​ឈ្វេង​យល់​ជំរៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​អោយ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចន ១៦:៣៣
ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។

លេខ ២៣:១៩
ព្រះជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ ព្រះអង្គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជពង្ស​របស់​លោក​អដាំ​​ដែរ! ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ព្រះអង្គ​តែងតែ​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ថ្លែង។

សុភាសិត ១៦:៣
ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ ព្រះអម្ចាស់ នោះ​គំរោងការ​របស់​អ្នក​មុខ​ជា​បាន​សំរេច។

សុភាសិត ១៩:២០-២៤
[២០] ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀនប្រដៅ​នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។[២១] មនុស្ស​គិតគូរ​គំរោងការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គំរោងការ​របស់​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​សំរេច​ជា​រូប​រាង។[២២] ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស​ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ ប្រសើរ​ជាង​មនុស្ស​កុហក។[២៣] ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។[២៤] មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។

ទំនុកដំកើង ៣៧:៣៧
ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀចវេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុងរឿង​ជានិច្ច។

ទំនុកដំកើង ១៣៨:៨
ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ មេត្តា​ករុណា​ជានិច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នោះ​ឡើយ!

វិវរណៈ ២០:១២
ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។

រ៉ូម ១២:២
មិន​ត្រូវ​យក​តំរាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​អោយ​ព្រះជាម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បង​ប្អូន អោយ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​អោយ​បង​ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ និង​គ្រប់​លក្ខណៈ។

រ៉ូម ៨:២៨-២៩
[២៨] យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​អោយ​អស់​អ្នក​ស្រឡាញ់​ព្រះជាម្ចាស់ បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គំរោងការ​របស់​ព្រះអង្គ[២៩] ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​អោយ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​អោយ​ព្រះបុត្រា​បាន​ទៅ​ជា​រៀមច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។

អេភេសូរ ២:៨-៩
[៨] ព្រះអង្គ​សង្គ្រោះ​បង​ប្អូន​ដោយសារ​ព្រះគុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់[៩] ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​អោយ​នរណា​ម្នាក់​អួត​ខ្លួន​បាន។

១ ពេត្រុសទី ២:៨-៩
[៨] ជា​ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​អោយ​គេ​រវាត​ចិត្ត បាត់​ជំនឿ» ។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះជាម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះបន្ទូល[៩] រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជាចារ្យ​របស់​ព្រះមហាក្សត្រ ជា​ជាតិ​សាសន៍​ដ៏វិសុទ្ធ ជា​ប្រជារាស្ត្រ​ដែល​ព្រះជាម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​អោយ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ ​របស់​ព្រះអង្គ ដែល​បាន​ហៅ​បង​ប្អូន​អោយ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះអង្គ។

១ កូរិនថូសទី ២:៧-៩
[៧] យើង​ប្រៀនប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរីរុងរឿង​មក​យើង។[៨] គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​មនុស្ស​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះអម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង​នោះ​ឡើយ។[៩] ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះជាម្ចាស់​បាន​រៀបចំ​ទុក សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ​។

យេរេមា ២៩:១១-១៤
[១១] យើង​ស្គាល់​ច្បាស់​នូវ​គំរោងការ​ដែល​យើង​បាន​គ្រោង​ទុក សំរាប់​អ្នក​រាល់​គ្នា ជា​គំរោងការ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​អោយ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។[១២] ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូលអង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។[១៣] អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង​ដោយ​ចិត្ត​ស្មោះ។[១៤] យើង​នឹង​អោយ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​ស្ដារ​ប្រជាជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​អោយ​ទៅ​នៅ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

Khmer Bible 1954
Public Domain: 1954