ព្រះគម្ពីរនៅក្នុងមួយឆ្នាំ


ខែមករា ១៧


លោកុប្បត្តិ ១:១-៣១
១. កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​។
២. នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។
៣. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។
៤. ព្រះជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។
៥. ព្រះជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។
៦. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹងមាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។
៧. ព្រះជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹងមាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
៨. ព្រះជាម្ចាស់​ហៅ​លំហ​ដ៏​រឹងមាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។
៩. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អោយ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​អោយ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
១០. ព្រះជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។
១១. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​តិណជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន
១២. គឺ​តិណជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
១៣. ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។
១៤. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សំរាប់​កំណត់​ពេល​វេលា​ ថ្ងៃ និង​ឆ្នាំ
១៥. ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សំរាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
១៦. ព្រះជាម្ចាស់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​អោយ​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​អោយ​គ្រប់គ្រង​នៅ​ពេល​យប់។ ព្រះអង្គ​ក៏​បង្កើត​ផ្កាយ​ទាំងឡាយ​ដែរ។
១៧. ព្រះជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី
១៨. ដើម្បី​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
១៩. ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។
២០. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​​រស់រវើក​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ទឹក និង​មាន​បក្សាបក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។
២១. ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើករវ័ណ្ឌ​ពាសពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សាបក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
២២. ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាសពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​អោយ​បក្សាបក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។
២៣. ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។
២៤. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
២៥. ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
២៦. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។
២៧. ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ ដូច​ព្រះជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។
២៨. ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​អោយ​គេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​ត្រួតត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។
២៩. ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាសពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ
៣០. យើង​ក៏​អោយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សាបក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
៣១. ព្រះជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

លោកុប្បត្តិ ២:១-២៥
១. ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​​ចប់​សព្វ​គ្រប់​ហើយ។
២. នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។
៣. ព្រះជាម្ចាស់​ប្រទាន​ពរ​អោយ​ថ្ងៃ​ទី​ប្រាំពីរ និង​ញែក​ថ្ងៃ​នោះ​អោយ​បាន​វិសុទ្ធ*​ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។
៤. នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក។ ពេល​ ព្រះជាអម្ចាស់ ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
៥. នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ ព្រះជាអម្ចាស់ ​ពុំ​ទាន់​បាន​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។
៦. ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី​មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។
៧. ព្រះជាអម្ចាស់ ​បាន​យក​ធូលី​ដី​មក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។
៨. ព្រះជាអម្ចាស់ ​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។
៩. ព្រះជាអម្ចាស់ ​បាន​ធ្វើ​អោយ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សំរស់​គួរ​អោយ​ទាក់ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ដែរ។
១០. មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។
១១. ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា ជា​ស្រុក​ដែល​មាន​មាស។
១២. មាស​នៅ​ស្រុក​នេះ​មាន​គុណភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។
១៣. ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។
១៤. ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេកែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។
១៥. ព្រះជាអម្ចាស់ ​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​អោយ​គេ​ភ្ជួរ​រាស់ និង​ថែរក្សា​សួន​នោះ។
១៦. ព្រះជាអម្ចាស់ ​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន
១៧. តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម ដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។
១៨. ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​អោយ​ជួយ និង​បាន​ជា​គ្នា។»
១៩. ព្រះជាអម្ចាស់ ​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សាបក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​អោយ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​អោយ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​អោយ។
២០. មនុស្ស​បាន​ដាក់​ឈ្មោះ​អោយ​សត្វ​ស្រុក​ទាំង​អស់ អោយ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​អោយ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។
២១. ដូច្នេះព្រះជាអម្ចាស់ ​បាន​ធ្វើ​អោយ​មនុស្ស​ដេក​លង់លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។
២២. ព្រះជាអម្ចាស់ ​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។
២៣. បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។
២៤. ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុកម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។
២៥. ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

ទំនុកដំកើង ១:១-៦
១. មាន​សុភមង្គល​ហើយ អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាល មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ​ពួក​អ្នក​ចំអក​ឡកឡឺយ
២. ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យវិន័យ​របស់ ព្រះអម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យវិន័យ* របស់​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ។
៣. អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។
៤. រីឯ​មនុស្ស​ពាល​វិញ​មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
៥. នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត*​បាន​ដែរ។
៦. ដ្បិត​ ព្រះអម្ចាស់ ​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​អោយ​ខ្លួន​វិនាស​អន្តរាយ។

សុភាសិត ១:១-៧
១. សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន​​ជា​ព្រះរាជ​បុត្រ​ព្រះបាទ​ដាវីឌ និង​ជា​ព្រះ​មហាក្សត្រ​ស្រុក​អ៊ីស្រាអែល។
២. សុភាសិត​ទាំង​នេះ ផ្ដល់​អោយ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យពេចន៍​ប្រកប​ដោយ​អត្ថន័យ​ជ្រៅ​ជ្រះ
៣. ព្រម​ទាំង​បង្រៀន​មនុស្ស​អោយ​ចេះ​ដឹង​សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់
៤. ហើយ​ផ្ដល់​អោយ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​អោយ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។
៥. សូម​អោយ​អ្នក​ប្រាជ្ញ​ត្រងត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​អោយ​មនុស្ស​ឈ្លាសវៃ​ស្រង់​យក​មាគ៌ា​ដែល​ត្រូវ​ប្រកាន់​យក
៦. ដូច្នេះ គេ​អាច​យល់​អំពី​អត្ថន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។
៧. ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។​ មនុស្ស​ខ្លៅ​តែងតែ​មើលងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀនប្រដៅ។

ម៉ាថាយ ១:១-២៥
១. នេះ​ជា​បញ្ជីរាយ​នាម​ព្រះអយ្យកោ​របស់​ព្រះយេស៊ូ​គ្រិស្ដ* ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ*។
២. លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់
៣. លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម
៤. លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន
៥. លោក​សាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ
៦. លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន
៧. ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា
៨. ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូសៀស
៩. ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស
១០. ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស
១១. ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូនាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។
១២. ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល
១៣. លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ
១៤. លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ
១៥. លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប
១៦. លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ហៅ​ថា ព្រះគ្រិស្ដ*។
១៧. ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។
១៨. នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។
១៩. លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សំរេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។
២០. ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះអម្ចាស់ មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។
២១. នាង​នឹង​សំរាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះនាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ អោយ​រួច​ពី​បាប​របស់​គេ»។
២២. ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី*​ថា៖
២៣. «មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះនាម​ថា “អេម៉ាញូអែល”» ​ ប្រែ​ថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។
២៤. លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះអម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា
២៥. ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​បុត្រ​ដែល​លោក​ថ្វាយ​ព្រះនាម​ថា “យេស៊ូ”។