ការជ្រើសរើសព្រះគម្ពីរ
|
|
|
|
គម្ពីរសញ្ញាថ្មី
|
|
|
|
ខ្មែរព្រះគម្ពីរ 2012
|
|
|
|
១ |
មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី |
២ |
គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។ |
៣ |
ថ្ងៃមួយ ប្រហែលម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់ និយាយថា៖ «កូនេលាសអើយ!» |
៤ |
គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។ |
៥ |
ដូច្នេះ ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក |
៦ |
ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ [គាត់នឹងប្រាប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។ |
៧ |
កាលទេវតាដែលបាននិយាយមកលោកកូនេលាសចេញផុតទៅ គាត់ក៏ហៅបាវបម្រើពីរនាក់ និងទាហានម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ពីក្នុងចំណោមពួកអ្នកចាំបម្រើគាត់ឲ្យមក។ |
៨ |
ក្រោយពីបានប្រាប់ពួកគេអំពីហេតុការណ៍ទាំងឡាយរួចហើយ គាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។ |
៩ |
នៅថ្ងៃបន្ទាប់ នៅពេលអ្នកទាំងនោះកំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះ លោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន នៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។ |
១០ |
គាត់ក៏ឃ្លាន ហើយចង់បរិភោគណាស់ ប៉ុន្ដែពេលពួកគេកំពុងរៀបចំអាហារ គាត់ក៏លង់នៅក្នុងសុបិននិមិត្ដ |
១១ |
ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។ |
១២ |
នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ |
១៣ |
ពេលនោះ មានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!» |
១៤ |
ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ» |
១៥ |
សំឡេងនោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ» |
១៦ |
ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។ |
១៧ |
ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ |
១៨ |
ដោយស្រែកសួរថា តើលោកស៊ីម៉ូនដែលហៅថា ពេត្រុសនៅទីនេះដែរឬទេ។ |
១៩ |
ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដ នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក |
២០ |
ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។ |
២១ |
លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?» |
២២ |
ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។ |
២៣ |
ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។ |
២៤ |
នៅថ្ងៃបន្ទាប់ ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ បានរង់ចាំពួកគេដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។ |
២៥ |
ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។ |
២៦ |
ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើង ទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ» |
២៧ |
រួចគាត់ក៏ចូលទៅក្នុងបណ្ដើរនិយាយជាមួយលោកកូនេលាសបណ្ដើរ ហើយក៏ឃើញមនុស្សជាច្រើនបានជួបជុំគ្នាជាស្រេច។ |
២៨ |
ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។ |
២៩ |
ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?» |
៣០ |
លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ |
៣១ |
ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ |
៣២ |
ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។ |
៣៣ |
ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។ |
៣៤ |
លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ |
៣៥ |
គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។ |
៣៦ |
អ្នករាល់គ្នាដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់កូនចៅអ៊ីស្រាអែល បានប្រកាសប្រាប់អំពីដំណឹងល្អនៃសេចក្ដីសុខសាន្ដតាមរយៈព្រះយេស៊ូគ្រិស្ដ ដែលជាព្រះអម្ចាស់លើទាំងអស់ |
៣៧ |
គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក |
៣៨ |
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ |
៣៩ |
រីឯយើង គឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយដែលព្រះយេស៊ូបានធ្វើទាំងនៅក្នុងស្រុករបស់ជនជាតិយូដា និងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។ |
៤០ |
ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ |
៤១ |
មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ គឺសម្រាប់តែពួកសាក្សី ដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនប៉ុណ្ណោះ នោះគឺយើងនេះហើយដែលបានបរិភោគ និងបានផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។ |
៤២ |
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់ |
៤៣ |
អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។ |
៤៤ |
ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល |
៤៥ |
ដូច្នេះ អ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែកដែលមកជាមួយលោកពេត្រុសបានស្ញប់ស្ញែងជាខ្លាំង ព្រោះព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ |
៤៦ |
ដ្បិតពួកគេបានឮអ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ទាំងលើកតម្កើងព្រះជាម្ចាស់។ នោះលោកពេត្រុសនិយាយថា៖ |
៤៧ |
«តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» |
៤៨ |
ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។ |
Khmer Bible 2012 |
Copyright © 2012 Words of Life Ministries |