ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ១៩

ចៅក្រម ២០

២១ →

ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិសទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរសេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួបជុំ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​មីសប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

ពួក​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​អ៊ីស្រាអែល សុទ្ធ​តែ​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជាជន​របស់​ព្រះជាម្ចាស់ គឺ​មាន​កងពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។

កូន​ចៅ​បេនយ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជាជន​អ៊ីស្រាអែល​លើក​ទ័ព​មក​ដល់​មីសប៉ា​ហើយ។ ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋកម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?។

បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេនយ៉ាមីន ដើម្បី​សំរាក​នៅ​ពេល​យប់។

យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបៀរ​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោមព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាកសព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រាអែល ដ្បិត​ពួក​បេនយ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រាអែល។

ឥឡូវ​នេះ បង​ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​បង​ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សំរេច​ចិត្ត​ចុះ!»។

ប្រជាជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។

យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។

១០

យើង​ត្រូវ​ជ្រើស​រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សំរាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបៀរ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រាអែល»។

១១

ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។

១២

កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គ្រប់​អំបូរ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា?

១៣

ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបៀរ​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សំអាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល»។ ប៉ុន្តែ កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។

១៤

កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។

១៥

នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។

១៦

ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។

១៧

រីឯ​ទាហាន​របស់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រៅ​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​ដ៏​ស្ទាត់​ជំនាញ។

១៨

ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ឡើង​ទៅ​បេតអែល ទូល​សួរ​ព្រះជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​មុន​គេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។

១៩

ជន​ជាតិ​អ៊ីស្រាអែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។

២០

បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេនយ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ។

២១

កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបៀរ ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។

២២

ទាហាន​អ៊ីស្រាអែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរភូមិ​ដដែល។

២៣

បន្ទាប់​មក ប្រជាជន​អ៊ីស្រាអែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះអម្ចា ស់ ​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។

២៤

ជន​ជាតិ​អ៊ីស្រាអែល​ក៏​វាយ​លុក​កូន​ចៅ​បេនយ៉ាមីន​សា​ជា​ថ្មី។

២៥

នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គីបៀរ មក​វាយ​ពល​ទាហាន​អ៊ីស្រាអែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។

២៦

ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេតអែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព*​ចំពោះ​ ព្រះអម្ចាស់ ។

២៧

ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ ព្រះអម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​បេតអែល

២៨

ហើយ​មាន​លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បំរើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះអម្ចាស់ ​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

២៩

ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំវិញ​ក្រុង​គីបៀរ។

៣០

នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេនយ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

៣១

ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជាជន​អ៊ីស្រាអែល ហើយ​ទ័ព​អ៊ីស្រាអែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កងទ័ព​បេនយ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រាអែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ចំនួន​សាមសិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេតអែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

៣២

កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់ទាញ​ពួក​វា​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង»។

៣៣

បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបៀរ​មក​ដែរ។

៣៤

ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេនយ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្តរាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។

៣៥

ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​បេនយ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​បេនយ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។

៣៦

ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរាគមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំវិញ​ក្រុង​គីបៀរ។

៣៧

ទ័ព​ឆ្មក់​វាយ​សំរុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

៣៨

កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង

៣៩

កងទ័ព​ដែល​រត់​នៅ​មុខ​កងទ័ព​បេនយ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កងទ័ព​បេនយ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ប្រមាណ​ជា​សាមសិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

៤០

ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួលខ្មាញ់​ពី​ទីក្រុង។ កងទ័ព​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​ទីក្រុង​ទាំង​មូល។

៤១

កងទ័ព​អ៊ីស្រាអែល​ក៏​បក​ក្រោយ ធ្វើ​អោយ​កងទ័ព​បេនយ៉ាមីន​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្តរាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។

៤២

ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កងទ័ព​អ៊ីស្រាអែល សំដៅ​ទៅ​វាល​រហោស្ថាន ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។

៤៣

កងទ័ព​អ៊ីស្រាអែល​ឡោមព័ទ្ធ​ទ័ព​បេនយ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​អោយ​ពួក​គេ​រត់​រួច​ឡើយ។

៤៤

ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។

៤៥

ក្នុង​ចំណោម​ទាហាន​បេនយ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កងទ័ព​អ៊ីស្រាអែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គីដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

៤៦

នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

៤៧

រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

៤៨

កងទ័ព​អ៊ីស្រាអែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កងទ័ព​អ៊ីស្រាអែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កំទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

Khmer Bible 1954
Public Domain: 1954