ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ១១

យ៉ូស្វេ ១២

១៣ →

ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:

គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើរណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំប្រទល់​ស្រុក​អាំម៉ូន

ព្រម​ទាំង​តំបន់​អារ៉ាបា រហូត​ដល់​សមុទ្រ​គេណាសារ៉ែត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេតយេស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជំរាល​ភ្នំ​ពីសកា។

រីឯ​ស្ដេច​មួយ​ទៀត គឺ​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​ជា​ជន​ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន​ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ស្ដេច​គង់​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី។

ព្រះបាទ​អុក​គ្រប់គ្រង​តំបន់​ភ្នំ​ហ៊ើរម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ាកាធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំប្រទល់​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​ក្រុង​ហេសបូន។

លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ស្ដេច​ទាំង​ពីរ​អង្គ​នេះ ហើយ​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​កម្មសិទ្ធិ។

លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាលកាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ លោក​យ៉ូស្វេ​ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចែក​គ្នា ជា​កម្មសិទ្ធិ។

ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។

រីឯ​ស្ដេច​ដែល​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល​មានៈ ស្ដេច​ក្រុង​យេរីខូ ស្ដេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេតអែល

១០

ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន

១១

ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស

១២

ស្ដេច​ក្រុង​អេក្លូន ស្ដេច​ក្រុង​កេស៊ើរ

១៣

ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌើរ

១៤

ស្ដេច​ក្រុង​ហោម៉ា ស្ដេច​ក្រុង​អើរ៉ាត

១៥

ស្ដេច​ក្រុង​លីបណា ស្ដេច​ក្រុង​អាឌូឡាំ

១៦

ស្ដេច​ក្រុង​ម៉ាកេដា ស្ដេច​ក្រុង​បេតអែល

១៧

ស្ដេច​ក្រុង​តាពូរ ស្ដេច​ក្រុង​ហេភើរ

១៨

ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡាសារ៉ូន

១៩

ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហាសោរ

២០

ស្ដេច​ក្រុង​ស៊ីមរ៉ូន-មេរ៉ូន ស្ដេច​ក្រុង​អាកសាប

២១

ស្ដេច​ក្រុង​តាអាណាក់ ស្ដេច​ក្រុង​មេគីដោ

២២

ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុកនាម នៅ​ភ្នំ​កើមែល

២៣

ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាបដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីលកាល់

២៤

ស្ដេច​ក្រុង​ធើសា។ សរុប​ទាំង​អស់​មាន​ស្ដេច​សាមសិប​មួយ​អង្គ។

Khmer Bible 1954
Public Domain: 1954