ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

២ ធីម៉ូថេទី ៥

គេ​ជ្រើស​រើស​មហា​បូជាចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែងតាំង​សំរាប់​អោយ​ទាក់ទង​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា​រំដោះ​បាប​មនុស្ស។

លោក​មហា​បូជាចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ

ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញបូជា​សំរាប់​អោយ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជារាស្ត្រ​រួច​ពី​បាប។

គ្មាន​នរណា​តាំង​ខ្លួន​ឯង​អោយ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អើរ៉ុន ទើប​បំពេញ​បាន។

រីឯ​ព្រះគ្រិស្ដ​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជាចារ្យ​ឡើយ គឺ​ព្រះជាម្ចាស់​ទេ​តើ ដែល​បាន​តែងតាំង​ព្រះអង្គ ដោយ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ​។

ព្រះជាម្ចាស់​ក៏​មាន​ព្រះបន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក» ​។

កាល​ព្រះគ្រិស្ដ​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូលអង្វរ​ទូល​សូម​ព្រះជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​អោយ​រួច​ពី​ស្លាប់។ ដោយ​ព្រះគ្រិស្ដ​បាន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នោះ​ព្រះជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូលអង្វរ។

ថ្វីដ្បិត​តែ​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏​ដោយ ព្រះអង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រងទុក្ខ​លំបាក។

បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច សំរាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ

១០

ហើយ​ព្រះជាម្ចាស់​ក៏​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​មហា​បូជាចារ្យ តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក​ដែរ។

១១

ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង​ប្អូន​បែរ​ជា​ក្រ​នឹង​យល់។

១២

តាម​ពិត​បង​ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បង​ប្អូន​ត្រូវ​ការ​អោយ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើង​វិញ បង​ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។

១៣

អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀនប្រដៅ​អំពី​សេចក្ដី​សុចរិត​បាន​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។

១៤

មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។

Khmer Bible 1954
Public Domain: 1954