← ១២ ១៤ →

2 ថែស្សាឡូនីចទី ១៣

ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​អោយ​បាន​ជាប់​ជានិច្ច។

សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។

ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​ជាប់​ឃុំឃាំង រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង​ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ និង​ផិត​ក្បត់។

កុំ​បណ្ដោយ​ខ្លួន​អោយ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ​ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ» ។

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹងប៉ឹង​ថា«ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ​។

ចូរ​បង​ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង​ប្អូន ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តំរាប់​តាម​ជំនឿ​របស់​លោក​ទៅ។

ព្រះយេស៊ូ​គ្រិស្ដ​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់កល្ប​ជានិច្ច​ព្រះអង្គ​នៅ​តែ​ដដែល។

សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​អោយ​បាន​រឹងប៉ឹង​ដោយសារ​ព្រះគុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។

១០

យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជាចារ្យ​ធ្វើ​ការ​ក្នុង​ព្រះពន្លា*​គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។

១១

លោក​មហា​បូជាចារ្យ តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​អោយ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។

១២

ព្រះយេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​រងទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជាជន​អោយ​បាន​វិសុទ្ធ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។

១៣

ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ​ទ្រាំ​អោយ​គេ​ប្រមាថ​មើលងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ

១៤

ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​គង់វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។

១៥

ចូរ​យើង​ថ្វាយ​យញ្ញបូជា សំរាប់​លើក​តម្កើង​ព្រះជាម្ចាស់​ជានិច្ច តាម​រយៈ​ព្រះយេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះនាម​ព្រះអង្គ។

១៦

កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​បែប​នេះ។

១៧

ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែរក្សា​ព្រលឹង​បង​ប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

១៨

សូម​អធិស្ឋាន*​អោយ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈទេសៈ

១៩

ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង​ប្អូន​មេត្តា​អធិស្ឋាន​អោយ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង​ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។

២០

ព្រះជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះគ្រិស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។

២១

សូម​ព្រះជាម្ចាស់​ប្រទាន​អោយ​បង​ប្អូន​មាន​សមត្ថភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សំរេច​ការ​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

២២

បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​អោយ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។

២៣

សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ​ខ្ញុំ​នឹង​មក​ជួប​បង​ប្អូន​ជា​មួយ​គាត់​ដែរ។

២៤

សូម​ជំរាប​សួរ អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង​ប្អូន ព្រម​ទាំង​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។

២៥

សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ។

Khmer Bible 1954
Public Domain: 1954