ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៥

ចោទិយកថា ៦

៧ →

«នេះ​ជា​បទ​បញ្ជា គឺ​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ។

អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ក្រឹត្យវិន័យ និង​បទ​បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។

អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ ព្រះអម្ចាស់ ។

អ្នក​ត្រូវ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។

ត្រូវ​ទុក​អោយ​ព្រះបន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។

ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះបន្ទូល​នេះ គឺ​ត្រូវ​និយាយ​អោយ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

ត្រូវ​ចង​ព្រះបន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។

ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

១០

« ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​អោយ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់

១១

ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។

១២

ពេល​ណា​អ្នក​មាន​ភោគផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

១៣

ចូរ​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បំរើ​ព្រះអង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះនាម​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។

១៤

មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា​ឡើយ

១៥

ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

១៦

មិន​ត្រូវ​ល្បងល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ព្រះអង្គ នៅ​ម៉ាសា​នោះ​ឡើយ។

១៧

ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ​អោយ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន​ និង​ច្បាប់ ដែល​ព្រះអង្គ​បាន​បង្គាប់។

១៨

ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក

១៩

ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក។

២០

នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន​ ច្បាប់ និង​វិន័យ​ទាំងឡាយ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច?

២១

អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។

២២

ព្រះអម្ចាស់ ​បាន​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​យ៉ាង​សំបើម​អស្ចារ្យ អោយ​យើង​ឃើញ ដើម្បី​កំទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។

២៣

ព្រះអម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​អោយ​យើង។

២៤

ព្រះអម្ចាស់ ​បាន​បញ្ជា​អោយ​យើង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​អោយ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​អោយ​ព្រះអង្គ​ថែរក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះអង្គ​ថែរក្សា​នៅ​ថ្ងៃ​នេះ។

២៥

យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ ដូច​ព្រះអង្គ​បាន​បង្គាប់​មក ដើម្បី​អោយ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង»។​

Khmer Bible 1954
Public Domain: 1954