ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
Khmer Bible 1954
← ២

2 កូរិនថូសទី ៣

៤ →

តើ​យើង​ចាប់​ផ្ដើម​តែងតាំង​ខ្លួន​ឯង​សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែងតាំង​មក​ជូន​បង​ប្អូន ឬ​សុំ​លិខិត​តែងតាំង​ពី​បង​ប្អូន​វិញ?

បង​ប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។

បង​ប្អូន​ពិត​ជា​លិខិត​របស់​ព្រះគ្រិស្ដ*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បង​ប្អូន។

យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុតមាំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះគ្រិស្ដ​នេះ​ហើយ។

យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះជាម្ចាស់​ឯណោះ​ដែល​ប្រទាន​អោយ​យើង​មាន​សមត្ថភាព​អាច​ធ្វើ​បាន។

ព្រះអង្គ​ក៏​ប្រទាន​អោយ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​បំរើ​សម្ពន្ធមេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធមេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះវិញ្ញាណ​វិញ ដ្បិត​ក្រឹត្យវិន័យ*​ដែល​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​បណ្ដាល​អោយ​ស្លាប់ រីឯ​ព្រះវិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។

ក្រឹត្យវិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរីរុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរីរុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរីរុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បំរើ​ក្រឹត្យវិន័យ​ដែល​បណ្ដាល​អោយ​ស្លាប់​នេះ មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ

ចុះ​ទំរាំ​បើ​មុខងារ​បំរើ​ព្រះវិញ្ញាណ​វិញ តើ​នឹង​មាន​សិរីរុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?

ប្រសិន​បើ​មុខងារ​ដែល​ធ្វើ​អោយ​មនុស្ស​ទទួល​ទោស មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខងារ​ដែល​ធ្វើ​អោយ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹងរឹត​តែ​មាន​សិរីរុងរឿង ប្រសើរ​លើសលប់​យ៉ាង​ណា​ទៅ​ទៀត?

១០

ប្រសិន​បើ​យើង​ប្រៀបធៀប​សិរីរុងរឿង​ពី​សម័យ​ដើម និង​សិរីរុងរឿង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នា​បច្ចុប្បន្នកាល​នេះ យើង​នឹង​ឃើញ​ថា​សិរីរុងរឿង​ពី​ដើម ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។

១១

ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិតស្ថេរ​មាន​សិរីរុងរឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិតស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរីរុងរឿង​យ៉ាង​ណា​ទៅ?

១២

ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ​ដែរ។

១៣

យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិតស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។

១៤

ប៉ុន្តែ គំនិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធមេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដ ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។

១៥

មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​អោយ​យល់

១៦

ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»

១៧

ដ្បិត​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ នៅ​ទី​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​នៅ​ទី​នោះ ក៏​មាន​សេរីភាព​ដែរ។

១៨

យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​អោយ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរីរុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​។

Khmer Bible 1954
Public Domain: 1954