ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៨

លូកា ៩

១០ →

ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់ពីរ​រូប​មក​ជួបជុំ​គ្នា ហើយ​ទ្រង់​ប្រទាន​ឫទ្ធានុភាព​ប្រទាន​អំណាច​អោយ​គេ​បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​អោយ​បាន​ជា។

ព្រះអង្គ​ចាត់​គេ​អោយ​ចេញ​ទៅ​ប្រកាស អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​អោយ​បាន​ជា​ផង។

ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។

បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ​»។

ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​អោយ​បាន​ជា​ផង។

កាល​ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ*​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ហើយ ទ្រង់​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។

អ្នក​ខ្លះ​ទៀត​និយាយ​ថា“ព្យាការី*​អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។

រីឯ​ព្រះបាទ​ហេរ៉ូដ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​អោយ​គេ​កាត់​ក យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ​ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះបាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះយេស៊ូ។

១០

សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ទូល​ព្រះយេស៊ូ នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហាជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃដា

១១

តែ​មហាជន​ដឹង​ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះយេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​អោយ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​ផង។

១២

ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​អោយ​បណ្ដាជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។

១៣

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សំរាប់​ប្រជាជន​ទាំង​នេះ!»។

១៤

នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហាសិប​នាក់»។

១៥

ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។

១៦

ព្រះយេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះភក្ត្រ​ឡើង​លើ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​សិស្ស ដើម្បី​អោយ​គេ​ចែក​បណ្ដាជន​បរិភោគ។

១៧

គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំបុ័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់ពីរ​ល្អី។

១៨

ថ្ងៃ​មួយ ពេល​ព្រះយេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដាជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​មហាជន​ទាំងឡាយ​ថា ខ្ញុំ​ជា​នរណា?»។

១៩

ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។

២០

ព្រះយេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ*​ដែល​ព្រះជាម្ចាស់​ចាត់​អោយ​មក»។

២១

ព្រះយេស៊ូ​ក៏​ហាមប្រាម​គេ មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។

២២

ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ* ពួក​នាយក​បូជាចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

២៣

បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ហើយ​មក​តាម​ខ្ញុំ​ចុះ

២៤

ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។

២៥

បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។

២៦

បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ព្រម​ទាំង​សិរីរុងរឿង​របស់​ព្រះបិតា និង​របស់​ទេវតា*​ដ៏វិសុទ្ធ* ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។

២៧

ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់ គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។

២៨

ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។

២៩

ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះត្រចង់។

៣០

ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះយេស៊ូ។

៣១

លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរីរុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូសាឡឹម។

៣២

លោក​ពេត្រុស និង​មិត្តភក្ដិ​របស់​លោក​សម្រាន្ដ​លង់លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះអង្គ។

៣៣

កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា​កំពុង​តែ​ចាក​ចេញ​ពី​ព្រះយេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សំរាប់​ព្រះគ្រូ មួយ​សំរាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សំរាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

៣៤

កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​អោយ​សិស្ស​ភ័យ​ខ្លាច​ក្រៃលែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។

៣៥

មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះអង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។

៣៦

បន្ទាប់​ពី​បាន​ឮ​ព្រះសូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

៣៧

នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ ពេល​នោះ មាន​បណ្ដាជន​យ៉ាង​ច្រើន​មក​រក​ព្រះអង្គ។

៣៨

មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដាជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។

៣៩

ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ​វា​ស្រែក​រើបំរះ ប្រកាច់ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​អោយ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំគ្រា។

៤០

ខ្ញុំ​ប្របាទ​បាន​អង្វរ​សិស្ស​របស់​លោក​អោយ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​បាន​សោះ»។

៤១

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​អោយ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។

៤២

ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះយេស៊ូ ស្រាប់​តែ​អារក្ស​ផ្ដួល​វា​ធ្វើ​អោយ​វា​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ ព្រះអង្គ​ប្រោស​ក្មេង​នោះ​អោយ​បាន​ជា ហើយ​ប្រគល់​ទៅ​អោយ​ឪពុក​វា​វិញ។

៤៣

មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖

៤៤

«ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។

៤៥

ពួក​សិស្ស​ពុំ​បាន​យល់​ព្រះបន្ទូល​នេះ​ទេ ព្រោះ​ព្រះជាម្ចាស់​មិន​ទាន់​សំដែង​អត្ថន័យ​អោយ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​នេះ​ឡើយ។

៤៦

ខណៈ​នោះ ពួក​សិស្ស*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។

៤៧

ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​អោយ​ឈរ​ក្បែរ​ព្រះអង្គ

៤៨

រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។

៤៩

លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះគ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះគ្រូ​ដូច​យើង​ខ្ញុំ»។

៥០

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

៥១

លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះយេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​សំរេច​ព្រះហឫទ័យ​យាង​ទៅ​ក្រុង​យេរូសាឡឹម

៥២

ព្រះអង្គ​បាន​ចាត់​អ្នក​ខ្លះ​អោយ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។

៥៣

ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះអង្គ​អោយ​ស្នាក់​ឡើយ ព្រោះ​ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។

៥៤

ពេល​សិស្ស​ពីរ​នាក់ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កំទេច​អ្នក​ទាំង​នេះ​ឬ?»។

៥៥

ព្រះយេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។

៥៦

បន្ទាប់​មក ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស*។

៥៧

កាល​ព្រះយេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

៥៨

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជំរក​សំរាក​សោះ​ឡើយ»។

៥៩

ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។

៦០

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​អោយ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។

៦១

មាន​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​ជំរាប​លា​ក្រុម​គ្រួសារ​សិន»។

៦២

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារប្រយោជន៍​អ្វី​ដល់​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ឡើយ»។

Khmer Bible 1954
Public Domain: 1954