ការជ្រើសរើសព្រះគម្ពីរ
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

សម្គាល់ ៤

ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្រៀន​បណ្ដាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដាជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។

ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះអង្គ​បង្រៀន​គេ​ថា៖

«ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។

ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។

លុះ​ដល់​ថ្ងៃ​ក្ដៅ​ពន្លក​ដែល​ដុះ​ឡើង​នោះ ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។

មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ​មិន​អោយ​បង្កើត​ផល​បាន​ឡើយ។

គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូតលាស់​បង្កើត​ផល ខ្លះ​អោយ​ផល​មួយ​ជា​សាមសិប ខ្លះ​ទៀត​អោយ​មួយ​ជា​ហុកសិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

១០

កាល​ព្រះយេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ និង​សិស្ស​ទាំង​ដប់ពីរ​រូប​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។

១១

ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា​យល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យ*​របស់​ព្រះអង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។

១២

ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់ ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះជាម្ចាស់​នឹង​អត់ទោស​អោយ​គេ »។

១៣

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​អោយ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន!

១៤

អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះបន្ទូល

១៥

មនុស្ស​ខ្លះ​ប្រៀបបី​ដូច​ជា​ផ្លូវ ដែល​ព្រះបន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ មារ​សាតាំង*​ក៏​មក​ឆក់​យក​ព្រះបន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។

១៦

មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម ដោយ​អំណរ

១៧

ប៉ុន្តែ គេ​ពុំ​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល​គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

១៨

មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះបន្ទូល​ដែរ

១៩

ប៉ុន្តែ ការ​ខ្វល់ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ងប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះបន្ទូល​មិន​អោយ​បង្កើត​ផល​បាន​ឡើយ។

២០

រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាមសិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុកសិប អ្នក​ខ្លះ​ទៀត បាន​មួយ​ជា​មួយរយ»។

២១

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។

២២

គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​អោយ​គេ​ដឹង ហើយ​គ្រប់​អាថ៌កំបាំង ក៏​នឹង​ត្រូវ​លេច​មក​អោយ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។

២៣

អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

២៤

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​អោយ​មែន​ទែន។ ព្រះជាម្ចាស់​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​អោយ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​អោយ​អ្នក​រាល់​គ្នា

២៥

ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។

២៦

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន។

២៧

ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

២៨

ដ្បិត​ដី​ធ្វើ​អោយ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ​ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។

២៩

លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចំរូត​ហើយ»។

៣០

ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា មក​ប្រដូច​នឹង​ព្រះរាជ្យ​របស់​ព្រះអង្គ?

៣១

ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ប្រៀបបី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។

៣២

លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​អោយ​បក្សាបក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

៣៣

ព្រះយេស៊ូ​តែង​ប្រកាស​ព្រះបន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។

៣៤

ព្រះអង្គ​តែង​មាន​ព្រះបន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដាជន ព្រះអង្គ​បកស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។

៣៥

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

៣៦

ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដាជន ហើយ​អុំទូក​ដែល​មាន​ព្រះយេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

៣៧

ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​អោយ​ទឹក​ចូល​ស្ទើរ​ពេញ។

៣៨

រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។

៣៩

ព្រះយេស៊ូ​តើន​ឡើង មាន​ព្រះបន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។

៤០

បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។

៤១

ពួក​គេ​កោត​ស្ញប់ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

Khmer Bible 1954
Public Domain: 1954