ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
Khmer Bible 1954
← ២

ណាហ៊ុម ៣

១ →

វេទនា​ហើយ ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម ហើយ​មាន​ការ​កុហក អំពើ​ឃោរឃៅ និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។

ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចំបាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចំបាំង​បោះពួយ​ទៅ​មុខ។

កងទ័ព​សេះ​វាយ​សំរុក​ចូល​មក មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង សាកសព​គរ​លើ​គ្នា។ ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាកសព​ដែរ។

ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ពេស្យាចារ​របស់​ក្រុង​នីនីវេ ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត ហើយ​ពូកែ​ដាក់​ស្នេហ៍។ នាង​បង្ក្រាប​ប្រជាជាតិ និង​កុលសម្ព័ន្ធ​នានា ដោយ​អំពើ​ពេស្យាចារ និង​ស្នេហ៍​របស់​នាង។

នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ! យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាល យើង​នឹង​អោយ​ប្រជាជាតិ​នានា​ឃើញ កេរខ្មាស​របស់​នាង និង​អោយ​នគរ​ទាំងឡាយ​ឃើញ ភាព​អាម៉ាស់​របស់​នាង។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។

យើង​នឹង​បោះ​សំរាម​លើ​នាង យើង​នឹង​អោយ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំ ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។

ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សំរាល​ទុក្ខ​នាង​ទេ!”។

នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។

ស្រុក​អេត្យូពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប​សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។

១០

ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-អាម៉ូន ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។

១១

ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរ នាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់ នាង​នឹង​ស្វែង​រក​កន្លែង​ពួន អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។

១២

បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាង ប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំ ពេល​គេ​អង្រួន​ដើម​វា ផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែល ចង់​បរិភោគ។

១៣

កងទ័ព​របស់​នាង នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ អោយ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។

១៤

ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ ដ្បិត​សត្រូវ​ឡោមព័ទ្ធ​អ្នក​ហើយ! ចូរ​ជួសជុល​កំពែង​ក្រុង ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋ និង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។

១៥

ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត!

១៦

ពួក​ជំនួញ​របស់​អ្នក មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។

១៧

នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះ នៅ​ពេល​រងា។ ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់ គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។

១៨

ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ មេទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កំរើក​រហូត កងពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ គ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។

១៩

គ្មាន​អ្វី​ព្យាបាល​អ្នក​អោយ​ជា​សះស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្តរាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរឃៅ​របស់​អ្នក។

Khmer Bible 1954
Public Domain: 1954