ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
Khmer Bible 1954
← ១

ដានីយ៉ែល ២

៣ →

នៅ​ឆ្នាំ​ទី​ពីរ នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​អោយ​ទ្រង់​ខ្វល់​ព្រះហឫទ័យ​មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។

ព្រះមហាក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្តអាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះរាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។

ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា បាន​សុបិន​ឃើញ​អ្វី»។

ពួក​គ្រូ​ទាយ​ទូល​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះករុណា​មាន​រាជឱង្ការ​អោយ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។

ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​អោយ​ទៅ​ជា​ផេះ​ទៀត​ផង។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​អោយ​រង្វាន់​ដ៏​មាន​តម្លៃ និង​យសស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន និង​អត្ថន័យ​របស់​វា»។

ពួក​គេ​ទូល​ព្រះមហាក្សត្រ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះករុណា​ប្រាប់​យើង​ខ្ញុំ​អោយ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។

ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សំរេច​ដូច្នេះ

គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុបឃិត​គ្នា ប្រឌិត​រឿង​ក្លែងក្លាយ​បញ្ឆោត​យើង ដើម្បី​អោយ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថន័យ​ប្រាប់​យើង​មែន!»។

១០

គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះមហាក្សត្រ​ថា៖ «បពិត្រ​ព្រះរាជា នៅ​លើ​ផែនដី​ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្តអាគម ហោរា និង​គ្រូ​ទាយ​អោយ​ធ្វើ​ការ​អ្វី​ដូច​ព្រះករុណា​បាន​បង្គាប់​នេះ​ទេ។

១១

ព្រះករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ទេ»។

១២

ពេល​ឮ​ដូច្នេះ​ព្រះរាជា​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ទ្រង់​ក៏​ចេញ​បញ្ជា​អោយ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន។

១៣

គេ​បាន​ប្រកាស​ផ្សាយ​រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក យក​ទៅ​សម្លាប់​ដែរ។

១៤

លោក​អើយ៉ុក​ជា​មេ​បញ្ជាការ​កង​រក្សា​ព្រះមហាក្សត្រ​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ីឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានីយ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាងវៃ​ថា៖

១៥

«ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះមហាក្សត្រ​ចេញ​បញ្ជា​តឹងរ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានីយ៉ែល។

១៦

លោក​ដានីយ៉ែល​ទៅ​គាល់​ព្រះរាជា​ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​អោយ​លោក​ពន្យល់​អត្ថន័យ​នៃ​សុបិន​ថ្វាយ។

១៧

បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជំរាប​លោក​ហាណានា លោក​មីសាអែល និង​លោក​អសារា​ជា​មិត្តភក្ដិ​អោយ​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ

១៨

ហើយ​បបួល​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​អោយ​យល់​អាថ៌កំបាំង​នេះ កុំ​អោយ​គេ​ប្រហារ​ជីវិត​លោក និង​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ីឡូន​ឡើយ។

១៩

ពេល​នោះ ព្រះជាម្ចាស់​បាន​បំភ្លឺ​លោក​ដានីយ៉ែល​អោយ​ដឹង​ការ​អាថ៌កំបាំង​នេះ តាម​រយៈ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានីយ៉ែល​ក៏​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ*។

២០

លោក​ពោល​ថា៖ «សូម​លើក​តម្កើង​ព្រះនាម​ព្រះជាម្ចាស់ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

២១

ព្រះអង្គ​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ និង​ព្រះចេស្ដា ព្រះអង្គ​ធ្វើ​អោយ​ពេល​វេលា និង​រដូវ​កាល ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ព្រះអង្គ​លើក​ស្ដេច​នានា​អោយ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា

២២

ព្រះអង្គ​សំដែង​អោយ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថន័យ​ជ្រៅជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។

២៣

បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ទូលបង្គំ។ ព្រះអង្គ​បាន​សំដែង​អោយ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗ ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​សំដែង​អោយ​យើង​ដឹង អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់ ព្រះរាជា​ដែរ»។

២៤

បន្ទាប់​មក លោក​ដានីយ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ីឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ីឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​សុបិន​ថ្វាយ»។

២៥

លោក​អើយ៉ុក​ក៏​ប្រញាប់ប្រញាល់​នាំ​លោក​ដានីយ៉ែល​ទៅ​គាល់​ព្រះមហាក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថន័យ​នៃ​សុបិន​ថ្វាយ​ព្រះករុណា​បាន»។

២៦

ព្រះរាជា​មាន​រាជឱង្ការ​មក​កាន់​លោក​ដានីយ៉ែល ហៅ​បេលថិស្សាសារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​អោយ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​បាន​មែន​ឬ?»។

២៧

លោក​ដានីយ៉ែល​ទូល​ព្រះរាជា​វិញ​ថា៖ «អាថ៌កំបាំង​ដែល​ព្រះករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្តអាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះករុណា​បាន​ទេ។

២៨

ប៉ុន្តែ នៅ​ស្ថាន​បរមសុខ​មាន​ព្រះ​មួយ​អង្គ ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ព្រះករុណា នេប៊ូក្នេសា​ជ្រាប​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគតកាល។ សូម​ទ្រង់​ព្រះសណ្ដាប់​អំពី​សុបិន និង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ:

២៩

បពិត្រ​ព្រះរាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះរាជា​បាន​ឃើញ​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង សព្វ​ព្រះហឫទ័យ​អោយ​ព្រះករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។

៣០

ព្រះជាម្ចាស់​បាន​សំដែង​អោយ​ទូលបង្គំ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ទូលបង្គំ​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា ហើយ​អោយ​ព្រះករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះករុណា​ផ្ទាល់។

៣១

បពិត្រ​ព្រះរាជា ក្នុង​សុបិន​និមិត្ត​ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះករុណា និង​មាន​សភាព​គួរ​អោយ​ស្ញែង​ខ្លាច។

៣២

ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់​ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន

៣៣

ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។

៣៤

ពេល​ព្រះករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯកឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​អោយ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេចខ្ទី​អស់។

៣៥

ពេល​នោះ ដែក​ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់​បែក​ខ្ទេចខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ​ដូច​សំដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ​បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​ពេញ​ផែនដី​ទាំង​មូល។

៣៦

នេះ​ហើយ​សុបិន​របស់​ព្រះករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ:

៣៧

បពិត្រ​ព្រះរាជា ទ្រង់​ជា​ព្រះមហាក្សត្រ​លើ​ព្រះមហាក្សត្រ​នានា ដ្បិត​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធានុភាព ចេស្ដា និង​សិរីរុងរឿង​មក​ព្រះករុណា។

៣៨

ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សាបក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះហស្ដ​ព្រះករុណា អោយ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំង​អស់​ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

៣៩

បន្ទាប់​ពី​ព្រះករុណា​នឹង​មាន​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជាណាចក្រ​របស់​ព្រះករុណា។ ក្រោយ​មក​មាន​រាជាណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់គ្រង​លើ​ពិភព​លោក​ទាំង​មូល។

៤០

លុះ​ក្រោយ​មក​ទៀត មាន​រាជាណាចក្រ​ទី​បួន​រឹងមាំ​ដូច​ដែក។ ដែក​កំទេច​ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជាណាចក្រ​នោះ​នឹង​កំទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

៤១

ព្រះករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជាណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជាណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹងមាំ​ដូច​ដែក ដ្បិត​ព្រះករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។

៤២

ម្រាម​ជើង​របស់​រូប​បដិមា មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជាណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។

៤៣

ព្រះករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជាណាចក្រ​នោះ​តភ្ជាប់​គ្នា​ដោយសារ​ចំណង​ស្ពានមេត្រី​របស់​មនុស្ស​តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។

៤៤

ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​នឹង​ធ្វើ​អោយ​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង​ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់គ្រង របស់​ប្រជាជាតិ​ណា​មួយ​ឡើយ។ រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ

៤៥

ដូច​ព្រះករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ដោយ​ឯកឯង កំទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​អោយ​ព្រះករុណា​ជ្រាប​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះករុណា​ជា​ការ​ពិត និង​មាន​អត្ថន័យ​គួរ​អោយ​ជឿ​ទុក​ចិត្ត»។

៤៦

ពេល​នោះ ព្រះចៅ​នេប៊ូក្នេសា​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី ថ្វាយបង្គំ​លោក​ដានីយ៉ែល ហើយ​បញ្ជា​អោយ​គេ​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​ដើម្បី​គោរព​លោក។

៤៧

ព្រះរាជា​មាន​រាជឱង្ការ​មក​លោក​ដានីយ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា​មែន! មាន​តែ​ព្រះអង្គ​ទេ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ទាំងឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គំរោងការ​ដ៏​លាក់​កំបាំង​នេះ»។

៤៨

បន្ទាប់​មក ព្រះរាជា​បាន​លើក​តម្កើង​លោក​ដានីយ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​អោយ​លោក​ត្រួតត្រា​លើ​អាណាខេត្ត​បាប៊ីឡូន​ទាំង​មូល និង​អោយ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ីឡូន។

៤៩

លោក​ដានីយ៉ែល​ទូលអង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បំរើ​ព្រះមហាក្សត្រ​ក្នុង​ព្រះបរម​រាជ​វាំង។

Khmer Bible 1954
Public Domain: 1954