ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៤២

អេសេគាល ៤៣

៤៤ →

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

ពេល​នោះ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហាសាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ។

និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះអង្គ​យាង​មក​កំទេច​ក្រុង​យេរូសាឡឹម។ និមិត្តហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ ក៏​ដូច​ជា​និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​អណ្ដែត​ចូល​មក​ក្នុង​ព្រះដំណាក់​តាម​ទ្វារ​ខាង​កើត។

ព្រះវិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទីលាន​ខាង​ក្នុង។ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ព្រះដំណាក់។

ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​ព្រះសូរសៀង​ចេញ​ពី​ព្រះដំណាក់​មក​កាន់​ខ្ញុំ​ថា៖

«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ។ ពូជពង្ស​អ៊ីស្រាអែល និង​ស្ដេច​របស់​គេ​លែង​ធ្វើ​អោយ​នាម​យើង​ទៅ​ជា​សៅហ្មង​ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាកសព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។

ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​អោយ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង​ដោយសារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​អោយ​វិនាស​តាម​កំហឹង​របស់​យើង។

ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្ដេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។

១០

ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ព្រះដំណាក់​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​អោយ​ពួក​គេ​ពិនិត្យ​មើល​គំរោង​របស់​ព្រះដំណាក់ ហើយ​អោយ​ពួក​គេ​នឹក​ខ្មាស​ដោយ​បាន​ប្រព្រឹត្ត​ខុស។

១១

ប្រសិន​បើ​ពួក​គេ​នឹក​ខ្មាស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​ចូរ​ប្រាប់​ពួក​គេ​អោយ​ដឹង​ពី​គំរូ​របស់​ព្រះដំណាក់ ទ្រង់​ទ្រាយ​ច្រក​ចេញ​ចូល របៀប​តុបតែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់ត្រា​ទុក​ដើម្បី​អោយ​ពួក​គេ​ឃើញ និង​ធ្វើ​តាម។

១២

រីឯ​ក្រឹត្យវិន័យ​ដ៏​សំខាន់​របស់​ព្រះដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំវិញ ត្រូវ​ញែក​ទុក​ជា​ទីសក្ការៈ​បំផុត»។

១៣

ទំហំ​របស់​អាសនៈ​គិត​ជា​ហត្ថ ហើយ​ខ្នាត​មួយ​ហត្ថ​នេះ​វែង​ជាង​ខ្នាត​មួយ​ហត្ថ​ធម្មតា​មួយ​ទះ។ ចង្អូរ​នៅ​ជុំវិញ​អាសនៈ​មាន​ជំរៅ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រីឯ​គែម​ព័ទ្ធ​ជុំវិញ​មាន​កំរាស់​មួយ​តឹក។

១៤

ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កំពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កំពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។

១៥

នៅ​ផ្នែក​ខាង​លើ​ជា​កន្លែង​ដុត​យញ្ញបូជា មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ឡើង​ទៅ​លើ។

១៦

កន្លែង​ដុត​នេះ​មាន​បណ្ដោយ​ដប់ពីរ​ហត្ថ ទទឹង​ដប់ពីរ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង​ស្មើ។

១៧

រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់បួន​ហត្ថ និង​ទទឹង​ដប់បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំវិញ មាន​កំរាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កំពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។

១៨

ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ​សំរាប់​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រួច​ឈាម។

១៩

ចូរ​ប្រគល់​គោ​បា​មួយ​អោយ​ពួក​បូជាចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខងារ​ចូល​មក​បំរើ​យើង ដើម្បី​អោយ​គេ​ធ្វើ​យញ្ញបូជា​រំដោះ​បាប -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។

២០

ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំវិញ។ ធ្វើ​ដូច្នេះ​មាន​ន័យ​ថា អ្នក​ធ្វើ​អោយ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។

២១

បន្ទាប់​មក ចូរ​យក​គោ​បា​សំរាប់​ធ្វើ​យញ្ញបូជា ទៅ​អោយ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទីសក្ការៈ​នៃ​ព្រះដំណាក់។

២២

នៅ​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ដក​បាប​ចេញ​ពី​អាសនៈ ដូច​បាន​ថ្វាយ​គោ​បា​ដើម្បី​ដក​បាប​ដែរ។

២៣

កាល​អ្នក​ធ្វើ​ពិធី​យញ្ញបូជា​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ

២៤

យក​មក​ថ្វាយ​ ព្រះអម្ចាស់ ពួក​បូជាចារ្យ​ត្រូវ​បាច​អំបិល​លើ​សត្វ​ទាំង​ពីរ​ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ។

២៥

ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​រំដោះ​បាប​សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

២៦

ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ និង​សក្ការៈ។

២៧

លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​បូជាចារ្យ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ​ទើប​យើង​គាប់​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។

Khmer Bible 1954
Public Domain: 1954