← 46 48 →

យេរេមា 47

1

នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន​ជាតិ​ភីលីស្ទីន មុន​ពេល​ព្រះចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។

2

ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង លិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុក លិច​ក្រុង​នានា និង​ប្រជាជន​នៅ​ក្នុង​ក្រុង។ មនុស្សម្នា​នាំ​គ្នា​ស្រែក អ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់

3

ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ និង​សន្ធឹក​កង់​រទេះ​ចំបាំង​លាន់​ឮ​យ៉ាង​ទ្រហឹង អឹងអាប់​ដូច​ផ្គរលាន់។ ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើល មក​កូន​របស់​ខ្លួន​ទៀត។

4

ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិនហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​កំទេច​ស្រុក​ភីលីស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេសសល់​ពី​កោះ​កាប់ថោរ។

5

ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កាឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប​​ដែល​នៅ​សេសសល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?

6

អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ ព្រះអម្ចាស់ ​អើយ ដល់​ពេល​ណា​ទើប​សំរាក? ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ហើយ​សំរាក​អោយ​ស្ងៀម​ទៅ!”

7

បើ​ ព្រះអម្ចាស់ ​ចេញ​បញ្ជា​អោយ​វា​ទៅ​ប្រហារ ក្រុង​អាស្កាឡូន និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ តើ​អោយ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន? វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

Khmer Bible 1954
Public Domain: 1954