← 1 3 →

អេសាយ 2

1

នេះ​ជា​ព្រះបន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ ព្រះអម្ចាស់ ស្ដី​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម:

2

ថ្ងៃ​ក្រោយ​ ព្រះអម្ចាស់ ​នឹង​លើក ភ្នំ​ដែល​មាន​ព្រះដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ ដើម្បី​អោយ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរហែ។

3

ប្រជាជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះអម្ចាស់ យើង​ឡើង​ទៅ​ព្រះដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀនប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូសាឡឹម​ដែរ។

4

ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅក្រម​រវាង​ប្រជាជាតិ​នានា ព្រះអង្គ​នឹង​សំរុះសំរួល​ជាតិ​សាសន៍​ជា​ច្រើន អោយ​ឈប់​ទាស់ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជាជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជាជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។

5

កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់​ ព្រះអម្ចាស់ !

6

ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​មាន​គ្រូ​មន្តអាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន ប្រជាជន​របស់​ព្រះអង្គ​ចង​សម្ពន្ធមិត្ត ជា​មួយ​ជន​បរទេស។

7

ស្រុក​របស់​គេ​ពោរពេញ​ទៅ​ដោយ មាស និង​ប្រាក់ ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនា ស្រុក​របស់​គេ​ពោរពេញ​ទៅ​ដោយ​សេះ រទេះ​ចំបាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។

8

ស្រុក​របស់​គេ​ក៏​ពោរពេញ​ទៅ​ដោយ ព្រះ​ក្លែងក្លាយ​ដែរ គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ស្នាដៃ​របស់​ខ្លួន គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​អ្វីៗ ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។

9

មនុស្ស​លោក​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី ព្រះអង្គ​មិន​អត់ទោស​អោយ​គេ​ឡើយ។

10

ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះ ចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដី ដើម្បី​គេច អោយ​ផុត​ពី​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត​ពី​ភាព​ថ្កុំថ្កើង​នៃ សិរីរុងរឿង​របស់​ព្រះអង្គ។

11

ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង។ នៅ​ថ្ងៃ​នោះ​មាន​តែ​ ព្រះអម្ចាស់ ​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង

12

ដ្បិត​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សំរាប់​ពង្រាប​មនុស្ស​ព្រហើន មនុស្ស​អួតអាង និង​មនុស្ស​វាយ​ឫក។

13

ព្រះអង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន នៅ​ស្រុក​លីបង់ ពង្រាប​ដើម​ជ្រៃ​ទាំងឡាយ​នៅ​ស្រុក​បាសាន។

14

ព្រះអង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំងឡាយ ពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ

15

ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗ ពង្រាប​កំពែង​ដ៏​រឹងមាំ​ទាំង​ប៉ុន្មាន។

16

ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីស និង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។

17

ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួតអាង។ នៅ​ថ្ងៃ​នោះ​មាន​តែ​ ព្រះអម្ចាស់ ​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។

18

ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។

19

ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី ដើម្បី​គេច​អោយ​ផុត​ពី​ព្រះពិរោធ របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត​ពី​ភាព​ថ្កុំថ្កើង នៃ​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង ធ្វើ​អោយ​មាន​ការ​ភ័យ​តក់ស្លុត​នៅ​លើ​ផែនដី។

20

នៅ​ថ្ងៃ​នោះ​មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែងក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស ដែល​គេ​សិត​សំរាប់​ថ្វាយបង្គំ បោះ​ទៅ​អោយ​កណ្ដុរ និង​ប្រជៀវ។

21

គេ​នឹង​នាំ​គ្នា​ចូល​ទៅ ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​អោយ​ផុត ពី​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត ពី​ភាព​ដ៏​ថ្កុំថ្កើង​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង ធ្វើ​អោយ​មាន​ការ​ភ័យ​តក់ស្លុត​លើ​ផែនដី។

22

ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!

Khmer Bible
Public Domain