← ១៦ ១៨ →

អេសាយ ១៧

សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា ទីក្រុង​ទៀត​ហើយ គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។

ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ បោះ​បង់​ចោល​រហូត​ត​ទៅ គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។

នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារ ហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។ រីឯ​ជន​ជាតិ​ស៊ីរី​ដែល​នៅ​សេសសល់​នឹង​ត្រូវ អាប់​អោន​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ ពិភព​ទាំង​មូល។

នៅ​ថ្ងៃ​នោះ​ភាព​ថ្កុំថ្កើង​របស់ កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​អោន​ថយ គេ​នឹង​បាត់​បង់​ភោគ​ទ្រព្យ ហើយ​ក្លាយ​ទៅ​ជា​ក្រខ្សត់។

ស្រុក​អ៊ីស្រាអែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច គ្មាន​អ្វី​នៅ​សល់​សោះ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។

មាន​ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅ​សល់ គឺ​ស្រុក​អ៊ីស្រាអែល​ប្រៀប​បាន​នឹង ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួច នៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែ ហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។

នៅ​ថ្ងៃ​នោះ​មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។

គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្ដូប​ព្រះអាសេរ៉ា ឬ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

នៅ​ថ្ងៃ​នោះ​ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹងមាំ នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន​ជាតិ​ហេវី និង​ជន​ជាតិ​អាម៉ូរី បោះបង់​ចោល​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ​។

១០

អ៊ីស្រាអែល​អើយ អ្នក​បាន​បំភ្លេច​ព្រះជាម្ចាស់ ដែល​ជា​ព្រះសង្គ្រោះ​របស់​អ្នក អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ​ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សំរាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។

១១

នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​អោយ​ដំណាំ​នោះ​ដុះ​ឡើង។ នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ វា​ក៏​ចេញ​ផ្កា​ភ្លាម។ ប៉ុន្តែ ពេល​ចំរូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​អោយ​ជា​បាន​ទេ។

១២

មាន​ឮ​ស្នូរ​សន្ធឹក​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំងឡាយ គគ្រឹកគគ្រេង​ដូច​រលក​សមុទ្រ

១៣

សាសន៍​ទាំងឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង គគ្រឹកគគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះអម្ចាស់​គំរាម​ពួក​គេ ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ ពួក​គេ​ត្រូវ​ខ្ចាត់ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ ផាត់​បាត់​អស់​ទៅ និង​ដូច​លំអង​ផ្កា ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។

១៤

នៅ​ពេល​ល្ងាច​ពួក​គេ​ភ័យ​ញ័រ​រន្ធត់ មុន​ពេល​ថ្ងៃ​រះ​ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។

Khmer Bible 1954
Public Domain: 1954