ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
Khmer Bible 1954
← ៦៦

អេសាយ ១

២ →

ក្នុង​រជ្ជកាល​ព្រះបាទ​អ៊ូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ដូច​ត​ទៅ:

ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះបោរ​ប្រឆាំង​នឹង​យើង។

គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​អោយ​ចំណី​វា​ដែរ តែ​ប្រជាជន​អ៊ីស្រាអែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជាជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ!

អ្នក​រាល់​គ្នា​ជា​ប្រជាជាតិ​មាន​បាប ជា​ប្រជាជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិលខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​បាន​មើលងាយ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង!

យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះបោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។

តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង អោយ​ធូរ​ស្បើយ​ឡើយ។

ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិនហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាតត្បាត ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ

គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ ឬ​ដូច​ខ្ទម​នៅ​ចំការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោមព័ទ្ធ។

ប្រសិន​បើ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល* មិន​បាន​ទុក​យើង​អោយ​នៅ​សេសសល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។​

១០

អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀនប្រដៅ​របស់​ ព្រះអម្ចាស់ ! អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏​អាក្រក់ ដូច​ប្រជាជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀនប្រដៅ របស់​ព្រះ​នៃ​យើង!

១១

ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​មិន​រវីរវល់​នឹង​យញ្ញបូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។

១២

ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​អោយ​មក​ជាន់ ទីលាន​ដំណាក់​របស់​យើង​ដូច្នេះ?

១៣

ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡារិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

១៤

យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​អោយ​យើង​ធុញទ្រាន់ ទ្រាំ​មិន​បាន។​

១៥

កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

១៦

ចូរ​លាង​សំអាត និង​ជំរះ​ខ្លួន អោយ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ!

១៧

ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែនាំ​អ្នក​ដែល​សង្កត់សង្កិន​គេ​ អោយ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!

១៨

ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស​។

១៩

ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។

២០

ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំខាន​ឡើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។

២១

ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច​ អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់គ្រង សុទ្ធ​តែ​ជា​ឃាតក!

២២

អ្នក​ក្រុង​យេរូសាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាតស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។

២៣

អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះបោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវីរវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។

២៤

ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យជំនះ​ពី​បច្ចាមិត្ត​របស់​យើង ហើយ​យើង​នឹង​សងសឹក​ខ្មាំង​សត្រូវ​របស់​យើង!

២៥

យេរូសាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។

២៦

យើង​នឹង​ធ្វើ​អោយ​ចៅក្រម​របស់​អ្នក បាន​ដូច​ចៅក្រម​នៅ​ជំនាន់​ដើម ហើយ​ធ្វើ​អោយ​ទី​ប្រឹក្សា​របស់​អ្នក បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត” “បុរី​ដ៏​ស្មោះ​ត្រង់”។

២៧

យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន អោយ​មាន​សេរីភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជាជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត អោយ​មាន​សេរីភាព​ដែរ។

២៨

រីឯ​ពួក​បះបោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ ព្រះអម្ចាស់ ​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។

២៩

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ​ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការបូជា​ដែរ។​

៣០

ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។

៣១

មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កំទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

Khmer Bible 1954
Public Domain: 1954