ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៣

សាស្ដា ៤

៥ →

មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន តែ​គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ឡើយ។

ខ្ញុំ​យល់​ថា​អ្នក​ដែល​ស្លាប់​ទៅ​ហើយ មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។

ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។

ខ្ញុំ​យល់​ឃើញ​ថា​ការ​នឿយហត់​ដែល​មនុស្ស​ខំ​ប្រឹងប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។

បាន​សំរាក​តែ​បន្តិច​ នោះ​ប្រសើរ​ជាង​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។

ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត នៅ​លើ​ផែនដី​នេះ​ដែល​ឥត​បាន​ការ

គឺ​មនុស្ស​រស់​នៅ​កណ្ដោចកណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង​ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់​ចង់​បាន​ទ្រព្យ​មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សំរាប់​នរណា​បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​អោយ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។

១០

ប្រសិន​បើ​ម្នាក់​ដួល​ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំខាន ព្រោះ​ពេល​គេ​ដួល​គ្មាន​នរណា​ជួយ​លើក​ទេ!

១១

មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​អោយ​កក់​ក្ដៅ​កើត?

១២

មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។

១៣

ក្មេង​ប្រុស​ម្នាក់​ក្រីក្រ​តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងីល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។

១៤

ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំឃាំង​ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។

១៥

ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា​នៅ​លើ​ផែនដី លើក​គ្នា​ទៅ​ហែហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្ដេច​ចាស់។

១៦

ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជាជន​ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍​នឹង​ស្ដេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

Khmer Bible 1954
Public Domain: 1954