← 19 21 →

សុភាសិត 20

1

សុរា​មែង​ធ្វើ​អោយ​មនុស្ស​ក្អេងក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​អោយ​មនុស្ស​ឡូឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។

2

កំហឹង​របស់​ស្ដេច ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​អោយ​ស្ដេច​ខ្ញាល់ រមែង​នាំ​អោយ​ខ្លួន​មាន​ទោស។

3

អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជំលោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងីល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។

4

នៅ​រដូវ​វស្សា​មនុស្ស​កំជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចំរូត​គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។

5

គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាសវៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។

6

មនុស្ស​ជា​ច្រើន​អះអាង​ថា ខ្លួន​សប្បុរស​តែ​មនុស្ស​គួរ​អោយ​ទុក​ចិត្ត​ពិបាក​រក​ណាស់។

7

មនុស្ស​សុចរិត​តែងតែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។

8

កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យបល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។

9

តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ​ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?។

10

បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ។

11

សូម្បី​តែ​កូន​ក្មេង ក៏​អាច​បង្ហាញ​អោយ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។

12

ត្រចៀក​សំរាប់​ស្ដាប់ និង​ភ្នែក​សំរាប់​មើល​សុទ្ធ​តែ​ ព្រះអម្ចាស់ ​បង្កើត​មក​ដូច​គ្នា។

13

បើ​អ្នក​គិត​តែ​ពី​ដេក​អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។

14

អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។

15

មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។

16

បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។

17

អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក​អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។

18

យោបល់​ល្អ​រមែង​ធ្វើ​អោយ​គំរោងការ​បាន​សំរេច មុន​នឹង​ធ្វើ​សង្គ្រាម​ត្រូវ​រិះគិត​អោយ​បាន​ដិត​ដល់​ជា​មុន។

19

អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សំងាត់​កុំ​សេពគប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

20

អ្នក​ណា​ប្រទេចផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។

21

អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ​អ្នក​នោះ​មិន​បាន​ទទួល​ព្រះពរ​ឡើយ។

22

កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។

23

ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដែរ។

24

ព្រះអម្ចាស់ ​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិសដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។

25

ចូរ​រិះគិត​អោយ​បាន​ដិតដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះជាម្ចាស់ ដើម្បី​កុំ​អោយ​ស្ដាយ​ក្រោយ។​

26

ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។

27

វិញ្ញាណ​របស់​មនុស្ស ជា​ចង្កៀង​ដែល​មក​ពី​ ព្រះអម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជំរៅ​ចិត្ត​របស់​គេ។

28

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់​រមែង​ជួយ​ការពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយសារ​យុត្តិធម៌។

29

កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។

30

របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយដំ​អាច​ធ្វើ​អោយ​មាន​ការ​កែប្រែ រហូត​ដល់​ជំរៅ​ចិត្ត។

Khmer Bible
Public Domain