ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៩១

ទំនុកដំកើង ៩២

៩៣ →

ឱ​ ព្រះអម្ចាស់ ​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ ស្មូត្រ​ទំនុកតម្កើង​សរសើរ​ព្រះនាម របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត!

ទូលបង្គំ​ប្រកាស​អំពី​ព្រះហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​នៅ​ពេល​យប់

ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។

ឱ​ ព្រះអម្ចាស់ ​អើយ កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ បាន​នាំ​អោយ​ទូលបង្គំ​មាន​អំណរ​ដ៏​លើសលប់ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។

ឱ​ ព្រះអម្ចាស់ ​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គឧត្ដម​ណាស់ ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ពន់​ប្រមាណ!

មនុស្ស​ល្ងីល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។

មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។

រីឯ​ព្រះអង្គ​វិញ នៅ​ស្ថាន​លើ ព្រះអង្គ​នៅ​តែ​ជា​ ព្រះអម្ចាស់ ​ជានិច្ច!

ឱ​ ព្រះអម្ចាស់ ​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​កំពុង​តែ​វិនាស អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ទៅ។

១០

ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ មាន​កម្លាំង​ដូច​ដំរី​ ព្រះអង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូលបង្គំ។

១១

ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ ព្រម​ទាំង​ឮ​សំរែក​របស់​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ។

១២

មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចំរើន​ធំ​ឡើង​ដូច​ដើម​តាត្រៅ នៅ​ស្រុក​លីបង់។

១៣

ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះវិហារ របស់​ព្រះជាម្ចាស់។

១៤

ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជានិច្ច។

១៥

ការ​ទាំង​នេះ​សំដែង​អោយ​ឃើញ​ថា ព្រះអម្ចាស់ ​ជា​ថ្មដា​របស់​ខ្ញុំ ទ្រង់​មាន​ព្រះហឫទ័យ​ទៀង​ត្រង់​ជានិច្ច ឥត​ប្រែប្រួល​សោះ​ឡើយ។

Khmer Bible 1954
Public Domain: 1954