ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ៨៧

ទំនុកដំកើង ៨៨

៨៩ →

ឱ​ ព្រះអម្ចាស់ ជា​ព្រះសង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។

សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​សំរែក​របស់​ទូលបង្គំ​ផង!

ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោចផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។

គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។

ទូលបង្គំ​ដេក​ស្ដូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។

ព្រះអង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទៅ​ក្នុង​ទី​ងងឹត​សូន្យសុង​នៃ​សេចក្ដី​ស្លាប់។

ព្រះពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។

ព្រះអង្គ​បាន​ធ្វើ​អោយ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ ព្រះអង្គ​ធ្វើ​អោយ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំ ទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។

ភ្នែក​ទូលបង្គំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!

១០

តើ​ព្រះអង្គ​អាច​ធ្វើ​ការ​អស្ចារ្យ សំរាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះអង្គ​កើត​ឬ?

១១

តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ អាច​ថ្លែង​ពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​កើត​ឬ?

១២

តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន​ឬ? តើ​អ្នក​ដែល​មនុស្សម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ អាច​ស្គាល់​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?

១៣

ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ចូល​មក​អធិស្ឋាន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​តាំង​ពី​ព្រឹក។

១៤

ឱ​ ព្រះអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ បង់​ចោល​ទូលបង្គំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ?

១៥

ទូលបង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ភ័យ តក់ស្លុត​អស់​សង្ឃឹម។

១៦

ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ សង្កត់​មក​លើ​ទូលបង្គំ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ ភ័យ​តក់ស្លុត​បាត់​ស្មារតី។

១៧

ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន នឹង​មហាសាគរ​ដែល​នៅ​ឡោមព័ទ្ធ​ទូលបង្គំ ព្រម​ទាំង​គ្រប​ពី​លើ​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។

១៨

ព្រះអង្គ​បាន​យក​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ជិតស្និទ្ធ នឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ទូលបង្គំ។

Khmer Bible 1954
Public Domain: 1954