ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៣៨

ឱ​ ព្រះអម្ចាស់ ​អើយ ទោះ​បី​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ នឹង​ទូលបង្គំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទារុណកម្ម​ទូលបង្គំ​ដែរ​

ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់​មក​លើ​ទូលបង្គំ។

ព្រះពិរោធ​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គកាយ ហើយ​អំពើ​បាប​របស់​ទូលបង្គំ បាន​ធ្វើ​អោយ​ឆ្អឹងឆ្អែង​របស់​ទូលបង្គំ​ពុក​អស់

ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់ជោរ ឡើង​លិច​ក្បាល​ទូលបង្គំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។

របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។

ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន ហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គកាយ។

ទូលបង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ទូលបង្គំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។

ព្រះអម្ចាស់ ​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ងប្រាថ្នា របស់​ទូលបង្គំ​ស្រាប់​ហើយ ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។

១០

បេះដូង​ទូលបង្គំ​ញាប់ញ័រ កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ទូលបង្គំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

១១

មិត្តភក្ដិ ព្រម​ទាំង​អ្នក​ជិតស្និទ្ធ​នឹង​ទូលបង្គំ មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។

១២

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​អោយ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កលល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

១៣

ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ​ដូច​មនុស្ស​ថ្លង់ ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច​ដូច​មនុស្ស​គ។

១៤

ទូលបង្គំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ ហើយ​ជា​មនុស្ស​ដែល​មិន​អាច ពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។

១៥

ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ មាន​តែ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូលបង្គំ!

១៦

សូម​កុំ​បណ្ដោយ​អោយ​ខ្មាំង​សត្រូវ ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ទូលបង្គំ​វេទនា សូម​កុំ​អោយ​ពួក​គេ​អួត​បំប៉ោង ក្នុង​ពេល​ដែល​ទូលបង្គំ​ទន់​ជង្គង់​នេះ​ឡើយ

១៧

ដ្បិត​ទូលបង្គំ​កំពុង​តែ​ចង់​ដួល ហើយ​ទូលបង្គំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជានិច្ច​ដែរ។

១៨

ទូលបង្គំ​សូម​សារភាព​កំហុស ទូលបង្គំ​សោក​ស្ដាយ​ណាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។

១៩

រីឯ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​វិញ ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។

២០

ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ដែល​ទូលបង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេ នាំ​គ្នា​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​ទូលបង្គំ​ខិតខំ​ធ្វើ​អំពើ​ល្អ។

២១

ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ដូច្នេះ!

២២

ព្រះអម្ចាស់ ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ​អើយ សូម​មេត្តា​ប្រញាប់​យាង​មក សង្គ្រោះ​ទូលបង្គំ​ផង!។

Khmer Bible 1954
Public Domain: 1954