ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៣៧

មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ

ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។

ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេមក្សាន្ត។

ចូរ​ស្វែង​រក​សុភមង្គល​ពី​ ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។

ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។

ព្រះអង្គ​នឹង​បង្ហាញ​អោយ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​អោយ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចំរុង​ចំរើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

ចូរ​រំងាប់​កំហឹង និង​លះបង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​អោយ​មាន​ការ​អាក្រក់។

ព្រះអម្ចាស់ ​នឹង​កាត់កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។

១០

នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។

១១

រីឯ​មនុស្ស​ទន់ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​ ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេមក្សាន្ត។

១២

មនុស្ស​អាក្រក់​តែងតែ​ឃុបឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

១៣

ក៏​ប៉ុន្តែ ព្រះអម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ព្រះអង្គ​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស​ ជិត​មក​ដល់​ហើយ។

១៤

មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ​ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

១៥

ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។

១៦

ទ្រព្យ​តែ​បន្តិចបន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ របស់​មនុស្ស​អាក្រក់

១៧

ដ្បិត​ ព្រះអម្ចាស់ ​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ព្រះអង្គ​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។

១៨

ព្រះអម្ចាស់ ​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅហ្មង ព្រះអង្គ​នឹង​ថែរក្សា​ទឹក​ដី​របស់​គេ អោយ​បាន​គង់វង្ស​រហូត​ត​ទៅ។

១៩

នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។

២០

រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​ ព្រះអម្ចាស់ ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

២១

មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​អោយ​របស់​របរ​ទៅ​អ្នក​ដទៃ។

២២

អស់​អ្នក​ដែល​ ព្រះអម្ចាស់ ​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់កាល់​ចោល។

២៣

ព្រះអម្ចាស់ ​ពង្រឹង​ជំហាន​របស់​មនុស្ស អោយ​បាន​មាំមួន ហើយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ នឹង​មាគ៌ា​របស់​គេ។

២៤

ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ ព្រះអម្ចាស់ ​កាន់​ដៃ​គេ​ជាប់។

២៥

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ ព្រះអម្ចាស់ ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។

២៦

មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​អោយ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះពរ។

២៧

ចូរ​ចៀស​វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ​អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ

២៨

ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ​ព្រះអង្គ​ថែរក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់កាល់​ពូជពង្ស​របស់​មនុស្ស អាក្រក់​អោយ​វិនាស​សាបសូន្យ។

២៩

មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

៣០

មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ

៣១

ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។

៣២

មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោបាយ​ចាំ​សម្លាប់​គេ​ផង។

៣៣

ប៉ុន្តែ ព្រះអម្ចាស់ ​មិន​បោះ​បង់​មនុស្ស​សុចរិត អោយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​អោយ​គេ​ដាក់​ទោស​បាន​ដែរ។

៣៤

ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង អោយ​គ្រប់គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់កាល់​ចោល។

៣៥

ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។

៣៦

ក្រោយ​មក​គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ​តែ​រក​មិន​ឃើញ​សោះ។

៣៧

ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀចវេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុងរឿង​ជានិច្ច។

៣៨

រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។

៣៩

ព្រះអម្ចាស់ ​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។

៤០

ព្រះអម្ចាស់ ​សង្គ្រោះ និង​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពីព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី​ព្រះអង្គ។

Khmer Bible 1954
Public Domain: 1954