ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៣៦

ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះបោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​។

គេ​បញ្ចើចបញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​អោយ​ស្អប់​នោះ​ឡើយ។

គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។

សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គំរោងការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។

ឱ​ ព្រះអម្ចាស់ ​អើយ! ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាសវេហាស៍។

ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ មាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ដូច​មហាសាគរ។ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។

ឱ​ព្រះជាម្ចាស់​អើយ ព្រះហឫទ័យ​មេត្តាករុណា របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើសលប់​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី របស់​ព្រះអង្គ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា​។

ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ អោយ​មនុស្ស​លោក​នៅ​ក្នុង ព្រះដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​អោយ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរហៀរ​ដូច​ទឹក​ទន្លេ។

ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយសារ​ពន្លឺ​របស់​ព្រះអង្គ។

១០

សូម​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត ហើយ​សំដែង​ព្រះហឫទ័យ​សុចរិត ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

១១

សូម​កុំ​អោយ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ ហើយ​ក៏​កុំ​អោយ​មនុស្ស​ពាល មក​បណ្ដេញ​ទូលបង្គំ​បាន​ដែរ!

១២

មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរាជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។

Khmer Bible 1954
Public Domain: 1954