ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ២០

សូម​ ព្រះអម្ចាស់ ​ឆ្លើយ​តប​នឹង​ព្រះរាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះនាម​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះរាជា!។

សូម​ព្រះអង្គ​ជួយ​ព្រះរាជា ពី​ព្រះវិហារ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គាំទ្រ​ព្រះរាជា​ពី​ភ្នំ​ស៊ីយ៉ូន!។

សូម​អោយ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះរាជា ហើយ​សូម​អោយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ នឹង​យញ្ញបូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។

សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះរាជា តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​អោយ​គំរោងការ របស់​ព្រះរាជា​បាន​សំរេច​ទាំង​អស់!។

យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យជំនះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះនាម​ព្រះជាម្ចាស់​របស់​យើង។ សូម​ ព្រះអម្ចាស់ ​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះរាជា​ទូល​សូម។

ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា​ ព្រះអម្ចាស់ ​សង្គ្រោះ ព្រះរាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះរាជា ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ គឺ​ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា​មាន​ជ័យជំនះ ដោយសារ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។

អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង។

អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរាជ័យ រីឯ​យើង​វិញ យើង​នៅ​មាន​ជំហរ​យ៉ាង​រឹងប៉ឹង​មាំមួន។

ព្រះអម្ចាស់ ​អើយ សូម​សង្គ្រោះ​ព្រះរាជា​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

Khmer Bible 1954
Public Domain: 1954