ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ១០

អេសធើរ ១

២ →

នេះ​ជា​ព្រឹត្តិការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហាស៊ូរុស​។ ព្រះចៅ​អហាស៊ូរុស​គ្រប់គ្រង​លើ​អាណាខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី​។

នៅ​ជំនាន់​នោះ​ព្រះចៅ​អហាស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសាភិបាល​របស់​អាណាខេត្ត​ទាំង​អស់។

ស្ដេច​ចង់​បង្ហាញ​រាជ្យទ្រព្យ​ដ៏​ស្ដុកស្ដម្ភ និង​ភាព​ថ្លៃថ្នូរ​វិសេស​នៃ​រាជសម្បត្តិ​ដ៏​ថ្កុំថ្កើង​រុងរឿង របស់​ស្ដេច​តាម​រយៈ​ពិធី​ជប់លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែតសិប​ថ្ងៃ។

នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់លៀង​នេះ ស្ដេច​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​ទៀត ក្នុង​ទីធ្លា​ឧទ្យាន​នៃ​ព្រះបរមរាជវាំង​ចំនួន​ប្រាំពីរ​ថ្ងៃ។ ប្រជាជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសាន ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​អាច​ចូល​រួម​បាន។

គេ​ចង​ក្រណាត់​ទេសឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សំរាប់​អង្គុយ​បរិភោគ ធ្វើ​ពី​មាស និង​ប្រាក់​ដាក់​នៅ​លើ​កំរាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។

គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​អោយ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ យ៉ាង​បរិបូណ៌។

ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​អោយ​រាជ​បំរើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

រីឯ​ព្រះមហាក្សត្រិយានី​វ៉ាសធី​វិញ ក៏​រៀបចំ​ជប់លៀង​ដោយ​ឡែក សំរាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហាស៊ូរុស​ដែរ។

១០

នៅ​ថ្ងៃ​ទី​ប្រាំពីរ សុរា​បាន​ធ្វើ​អោយ​ព្រះចៅ​អហាស៊ូរុស​មាន​ព្រះហឫទ័យ​សប្បាយ​ក្រៃលែង។ ស្ដេច​បង្គាប់​លោក​មហ៊ូម៉ាន លោក​ប៊ីសថា លោក​ហារបូណា លោក​ប៊ីគថា លោក​អបាគថា លោក​សេថារ និង​លោក​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ​រូប ដែល​នៅ​បំរើ​ស្ដេច

១១

អោយ​យាង​ព្រះមហាក្សត្រិយានី​វ៉ាសធី មក​គាល់​ស្ដេច​ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​អោយ​ប្រជាជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះនាង ដ្បិត​ព្រះនាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

១២

ប៉ុន្តែ ព្រះមហាក្សត្រិយានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច​ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះរាជា​ពិរោធ​យ៉ាង​ខ្លាំង។

១៣

ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរាចារ្យ ដែល​ជា​អ្នក​មាន​ភារកិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀមទម្លាប់។

១៤

អ្នក​ទាំង​នោះ​មាន: លោក​កើសេណា លោក​សេថារ លោក​អ័ឌម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេណា លោក​មមូកាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំពីរ​រូប​របស់​ជន​ជាតិ​មេឌី និង​ជន​ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​រាជាណាចក្រ។

១៥

ព្រះចៅ​អហាស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះមហាក្សត្រិយានី​វ៉ាសធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។

១៦

លោក​មមូកាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហាក្សត្រិយានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះរាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​អស់ ក្នុង​អាណាខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះចៅ​អហាស៊ូរុស​ដែរ

១៧

ដ្បិត​រឿង​របស់​ព្រះមហាក្សត្រិយានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះចៅ​អហាស៊ូរុស ចេញ​បញ្ជា​អោយ​យាង​ព្រះមហាក្សត្រិយានី​មក​គាល់​ស្ដេច ហើយ​ព្រះនាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើលងាយ​ប្ដី​របស់​ខ្លួន​ដែរ។

១៨

ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំងឡាយ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​មេឌី​ឮ​ដំណឹង​ថា ព្រះមហាក្សត្រិយានី​មិន​ស្ដាប់​បង្គាប់​ព្រះករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ស្វាមី​មាន​កំហឹង​ព្រោះ​តែ​ភរិយា​មើលងាយ។

១៩

ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​មេឌី គឺ​ហាម​ព្រះមហាក្សត្រិយានី​វ៉ាសធី មិន​អោយ​ចូល​មក​ជួប​ព្រះភក្ត្រ​ព្រះករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះករុណា​ផ្ទេរ​តំណែង​របស់​ព្រះនាង​ទៅ​អោយ​ព្រះមហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះនាង។

២០

ពេល​ណា​ប្រជាជន​ដឹង​អំពី​សេចក្ដី​សំរេច​ដ៏​សំខាន់​ដែល​ព្រះរាជា​ប្រកាស​ក្នុង​រាជាណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ រហូត​ដល់​អ្នក​តូច»។

២១

ព្រះរាជា​សព្វ​ព្រះហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះរាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​មមូកាន

២២

គឺ​ស្ដេច​ផ្ញើ​រាជសារ​ទៅ​គ្រប់​អាណាខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជាជន​ក្នុង​អាណាខេត្ត​នីមួយៗ ដើម្បី​អោយ​ប្ដីៗ​ទាំង​អស់ ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។

Khmer Bible 1954
Public Domain: 1954