← ៨ ១០ →

នេហេមា ៩

នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួបជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រាអែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។

បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ​វិន័យ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត​ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

លោក​យេសួរ លោក​បានី លោក​កាឌមាល លោក​សេបានា លោក​ប៊ូននី លោក​សេរេប៊ីយ៉ា លោក​បានី និង​លោក​កេណានី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។

បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌមាល លោក​បានី លោក​ហាសាបនា លោក​សេរេប៊ីយ៉ា លោក​ហូឌា លោក​សេបានា និង​លោក​ពេថាហ៊ីយ៉ា​ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់កល្ប​រៀង​មក រហូត​ដល់​អស់កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះអម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះនាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!

មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ ព្រះអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូងតារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ

ឱ​ ព្រះជាអម្ចាស់ ​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម​ និង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេដេ ហើយ​ព្រះអង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។

ព្រះអង្គ​ឈ្វេង​យល់​លោក​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស និង​ជន​ជាតិ​គើកាស៊ី អោយ​ពូជពង្ស​របស់​លោក។​ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះបន្ទូល​សន្យា ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត។

ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ឮ​សំរែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​កក់។​

១០

ព្រះអង្គ​បាន​សំដែង​ទី​សំគាល់ និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ផារ៉ោន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជាជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ ដ្បិត​ព្រះអង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ព្រះអង្គ​បាន​ធ្វើ​អោយ​ព្រះនាម​របស់​ព្រះអង្គ ល្បីល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។

១១

ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជំរៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហាសាគរ។​

១២

នៅ​ពេល​ថ្ងៃ​ព្រះអង្គ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់​ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ​ដោយ​ដុំ​ភ្លើង។​

១៣

ព្រះអង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យវិន័យ*​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ផ្សេងៗ​មក​អោយ​ពួក​គេ។

១៤

ព្រះអង្គ​ប្រទាន​អោយ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ​បញ្ជា ច្បាប់​ព្រម​ទាំង ក្រឹត្យវិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។​

១៥

នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះអង្គ​ប្រទាន អាហារ​ពី​លើ​មេឃ​មក​អោយ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ ព្រះអង្គ​បញ្ជា​ពួក​គេ​អោយ​ចូល ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រទាន​អោយ​ពួក​គេ។​

១៦

ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទេ។

១៧

ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះបោរ ពួក​គេ​បាន​តែងតាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាសភាព​វិញ។​ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ និង​ពោរពេញ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។​

១៨

ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!”​ ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ ព្រះអង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី

១៩

ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ​ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់​ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។

២០

ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​ដ៏​ល្អ​របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​អោយ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​អោយ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​អោយ​ពួក​គេ មិន​ដែល​អាក់ខាន​ឡើយ។

២១

ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀកបំពាក់​របស់​ពួក​គេ​មិន​រេចរឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។​

២២

ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា ដែល​នៅ​ជិត​ខាង មក​អោយ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់ ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន។​

២៣

ព្រះអង្គ​បាន​ធ្វើ​អោយ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះអង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​អោយ​ពួក​គេ​កាន់​កាប់។​

២៤

កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ព្រះអង្គ​បាន​បង្ក្រាប​ជន​ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ព្រះអង្គ​បាន​ប្រគល់​ជន​ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជាជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ ដើម្បី​អោយ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។

២៥

ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹងមាំ និង ទឹក​ដី​ដែល​មាន​ជីជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចំការ​ទំពាំង​បាយជូរ ចំការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយសារ​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង របស់​ព្រះអង្គ។​

២៦

ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះបោរ ប្រឆាំង​នឹង​ព្រះអង្គ ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​សម្លាប់​ពួក​ព្យាការី ដែល​ដាស់​តឿន​ពួក​គេ​អោយ​បែរ​ចិត្ត មក​រក​ព្រះអង្គ​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះអង្គ​យ៉ាង​ខ្លាំង។

២៧

ពេល​នោះ ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ហើយ​បច្ចាមិត្ត​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរមសុខ* ហើយ​អាណិតអាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចាមិត្ត។

២៨

ពេល​បាន​សុខ​ក្សេមក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​បោះ​បង់​ចោល​ពួក​គេ អោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរមសុខ ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះអង្គ​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។​

២៩

ព្រះអង្គ​បាន​ដាស់​តឿន​ពួក​គេ​អោយ​វិល​មក កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទេ។ វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត អោយ​មនុស្ស​ដែល​ប្រតិបត្តិ​តាម​ ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

៣០

ព្រះអង្គ​ទ្រាំទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​អោយ​មក រំលឹក​ដាស់​តឿន​ពួក​គេ តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះអង្គ ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ​ ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។

៣១

ដោយ​ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះហឫទ័យ ប្រណីសន្ដោស និង​អាណិត​អាសូរ។

៣២

ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព​គួរ​អោយ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី ហើយ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជាចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជាជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

៣៣

ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថា ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​យុត្តិធម៌ និង​សុចរិត​មែន ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។

៣៤

ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជាចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ពួក​គេ​ដែរ។

៣៥

នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួន ព្រះអង្គ​ប្រទាន​អោយ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាង ដ៏​សម្បូណ៌​សប្បាយ ក្នុង​ទឹក​ដី​ដ៏​ទូលំទូលាយ និង​មាន​ជីជាតិ​ល្អ ពួក​គេ​ពុំ​ព្រម​គោរព​បំរើ​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់ របស់​ខ្លួន​ដែរ។

៣៦

ថ្ងៃ​នេះ​យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ! យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​អោយ​បុព្វបុរស​របស់​យើង​ខ្ញុំ ដើម្បី​អោយ​ពួក​គេ​បរិភោគផល​ផ្លែ និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!

៣៧

ប៉ុន្តែ ភោគផល​ដ៏​សម្បូណ៌​ហូរហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សំរាប់​ស្ដេច​នានា ដែល​ព្រះអង្គ​អោយ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួតត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។

៣៨

ដោយ​មាន​ហេតុការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯកសារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថលេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជាចារ្យ។​

Khmer Bible 1954
Public Domain: 1954