ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ២៧

២ របាក្សត្រទី ២៨

២៩ →

ព្រះបាទ​អហាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ព្រះអយ្យកោ​ឡើយ។

ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា នៅ​ស្រុក​អ៊ីស្រាអែល គឺ​ទ្រង់​ហ៊ាន​រហូត​ដល់​ធ្វើ​រូប​ចម្លាក់​ពី​លង្ហិន សំរាប់​ព្រះ​បាល​ទៀត​ផង។

ស្ដេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីនណម និង​យក​បុត្រ​ទៅ​បូជាយញ្ញ តាម​ទំនៀមទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំងឡាយ ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។

ស្ដេច​បាន​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី។ កងទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះបាទ​អហាស រួច​ចាប់​ប្រជាជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះបាទ​អហាស​ក៏​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែរ

គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះបាទ​ពេកា​ ជា​កូន​របស់​លោក​រេម៉ាលា ប្រហារ​ជន​ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធសឹង​ជា​ទាហាន​ដ៏​អង់អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

លោក​ស៊ីកគ្រី​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាស ព្រម​ទាំង​លោក​អាសរីកាំ​ជា​អ្នក​គ្រប់គ្រង​ព្រះរាជវាំង និង​លោក​អែលកាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ជន​ជាតិ​យូដា ជា​បង​ប្អូន​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ារី។

មាន​ព្យាការី​មួយ​រូប​របស់​ ព្រះអម្ចាស់ ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កងទ័ព​អ៊ីស្រាអែល ដែល​វិល​មក​ក្រុង​សាម៉ារី​វិញ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​យូដា ព្រះអង្គ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​អោយ​សំរែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។

១០

ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​បំណង​យក​ប្រជាជន​ប្រុស​ស្រី​នៃ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម​ធ្វើ​ជា​ទាសករ​ទៀត! ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ខុស​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?

១១

ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ ព្រះអម្ចាស់ ​កំពុង​តែ​ព្រះពិរោធ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។

១២

ពេល​នោះ មាន​មេ​បញ្ជាការ​កងទ័ព​អេប្រាអ៊ីម​មួយ​ចំនួន គឺ​លោក​អសារា​ជា​កូន​របស់​លោក​យ៉ូហាណាន លោក​បេរេគា​ជា​កូន​របស់​លោក​មស៊ីលេម៉ុត លោក​យេហ៊ីសេគា​ជា​កូន​របស់​លោក​សាលូម និង​លោក​អម៉ាសា​ជា​កូន​របស់​លោក​ហាដឡៃ បាន​នាំ​គ្នា​ជំទាស់​នឹង​កងទ័ព ដែល​វិល​មក​ពី​ច្បាំង​វិញ។

១៣

លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​អោយ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ ព្រះអម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះអម្ចាស់ ​កំពុង​តែ​ព្រះពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។

១៤

ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយភ័ណ្ឌ​ដែរ។

១៥

គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន​តាម​ឈ្មោះ​របស់​ខ្លួន អោយ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀកបំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយភ័ណ្ឌ មក​ពាក់​អោយ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​អោយ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួបជុំ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្រុង​យេរីខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

១៦

នៅ​គ្រា​នោះ​ព្រះបាទ​អហាស ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​អោយ​មក​ជួយ

១៧

ដ្បិត​កងទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជាជន​ទៅ​ជា​ឈ្លើយ។

១៨

មួយ​វិញ​ទៀត​កងទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ក្រុង​គីមសូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ រួច​ពួក​គេ​តាំង​ទី​លំនៅ​តាម​ក្រុង​ទាំង​នោះ។

១៩

ព្រះអម្ចាស់ ​ធ្វើ​អោយ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះបាទ​អហាស​ជំរុញ​ប្រជាជន​អោយ​ឈប់​រវីរវល់​នឹង​ ព្រះអម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ដែរ។

២០

ព្រះចៅ​ទីកឡាត-ពេលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះបាទ​អហាស និង​ចាត់​ទុក​ស្ដេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំទ្រ​ស្ដេច​ឡើយ។

២១

ព្រះបាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។

២២

ទោះ​បី​ព្រះបាទ​អហាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ​ដដែល។

២៣

ស្ដេច​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​ទាំងឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្ដេច ដ្បិត​ស្ដេច​គិត​ថា «ព្រះ​របស់​ស្ដេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​អោយ​ទ្រង់​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្ដាល​អោយ​ស្ដេច និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​វិនាស។

២៤

ព្រះបាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​មក​កំទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រួច​សង់​អាសនៈ​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​យេរូសាឡឹម។

២៥

ស្ដេច​ក៏​បាន​ចាត់​ចែង​អោយ​មាន​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​ក្រុង​នីមួយៗ​ក្នុង​ស្រុក​យូដា ដើម្បី​ដុត​គ្រឿង​ក្រអូប​ឧទ្ទិស​ដល់​ព្រះ​ក្លែងក្លាយ ដែល​ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ស្ដេច ទ្រង់​ព្រះពិរោធ។

២៦

រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។

២៧

ព្រះបាទ​អហាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូសាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សំរាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល​ឡើយ។ បន្ទាប់​មក ព្រះបាទ​ហេសេគា​ជា​បុត្រ ឡើង​ស្នង​រាជ្យ។

Khmer Bible 1954
Public Domain: 1954