ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ២១

២ របាក្សត្រទី ២២

២៣ →

ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​លើក​សម្ដេច​អហាស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះបាទ​យ៉ូរ៉ាម អោយ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន​ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុកលុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

ព្រះបាទ​អហាស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះវស្សា​ ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ព្រះបាទ​អូមរី។

ព្រះបាទ​អហាស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជវង្ស​ព្រះបាទ​អហាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្ដេច​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់។

ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​រាជវង្ស​របស់​ព្រះបាទ​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជវង្ស​របស់​ព្រះបាទ​អហាប់ ជួយ​គំនិត​ព្រះបាទ​អហាស៊ីយ៉ា​ដែល​ជំរុញ​អោយ​ស្ដេច​ត្រូវ​វិនាស។

ស្ដេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អហាប់ ស្ដេច​ស្រុក​អ៊ីស្រាអែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កងទ័ព​ស៊ីរី​វាយ​ព្រះបាទ​យ៉ូរ៉ាម​របួស។

ព្រះបាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ​នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីសរាល សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

ព្រះបាទ​អហាស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ធ្វើ​អោយ​ព្រះបាទ​អហាស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះបាទ​អហាស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះបាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេហ៊ូវ ជា​កូន​របស់​លោក​នីមស៊ី។ មុន​នោះ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​លោក​យេហ៊ូវ​ជា​ស្ដេច ដើម្បី​អោយ​លោក​រំលាយ​រាជវង្ស​ព្រះបាទ​អហាប់។

លោក​យេហ៊ូវ​ធ្វើ​ទោស​រាជវង្ស​ព្រះបាទ​អហាប់ ថ្វាយ​ព្រះជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន​ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះបាទ​អហាស៊ីយ៉ា ដែល​ជា​រាជ​បំរើ​របស់​ស្ដេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។

លោក​យេហ៊ូវ​អោយ​គេ​តាម​រក​ព្រះបាទ​អហាស៊ីយ៉ា ហើយ​គេ​ចាប់​ស្ដេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្ដេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្ដេច​ទៅ​ជួប​លោក​យេហ៊ូវ ហើយ​លោក​ក៏​ធ្វើ​គុត​ស្ដេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្ដេច ដ្បិត​គេ​គិត​ថា ស្ដេច​ត្រូវ​ជា​រាជវង្ស​របស់​ព្រះបាទ​យ៉ូសាផាត ដែល​ស្វែង​រក​ ព្រះអម្ចាស់ ​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជវង្ស​របស់​ព្រះបាទ​អហាស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។

១០

កាល​ព្រះនាង​អថាលា ជា​មាតា​របស់​ព្រះបាទ​អហាស៊ីយ៉ា​ជ្រាប​ថា ព្រះរាជ​បុត្រ​សោយ​ទិវង្គត​ហើយ ព្រះនាង​សំរេច​ចិត្ត​ប្រល័យ​ពូជពង្ស​ទាំង​អស់​របស់​ស្ដេច​ស្រុក​យូដា។

១១

ពេល​នោះ ម្ចាស់​ក្សត្រីយ៍​យ៉ូសេបា​បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អហាស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ ព្រះនាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ព្រះវិហារ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រីយ៍​យ៉ូសេបា ជា​បុត្រី​របស់​ព្រះបាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះបាទ​អហាស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​អោយ​ព្រះនាង​អថាលា​ឃើញ ដូច្នេះ រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។

១២

ក្នុង​ពេល​ដែល​ព្រះនាង​អថាលា​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។

Khmer Bible 1954
Public Domain: 1954