ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
Khmer Bible 1954
← ៧

1 ពង្សាវតារក្សត្រ ៨

៩ →

គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​មក​គាល់​ស្ដេច​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ពី​បុរី​ព្រះបាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន​មក​ព្រះដំណាក់។

ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះរាជា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំពីរ​។

ពេល​អស់​លោក​ព្រឹទ្ធាចារ្យ​មក​ដល់ ក្រុម​បូជាចារ្យ​ក៏​លើក​ហិប​នៃ​សម្ពន្ធមេត្រី​សែង។

ក្រុម​បូជាចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​នាំ​យក​ពន្លា​ជួប​ព្រះអម្ចាស់ និង​វត្ថុសក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ។

ព្រះបាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញបូជា។

បូជាចារ្យ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទីសក្ការៈ​របស់​ព្រះដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។

ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ ពី​ទីសក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ​គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ ព្រះអម្ចាស់ ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

១០

កាល​អស់​លោក​បូជាចារ្យ* ចេញ​ពី​ទីសក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។

១១

ដោយសារ​តែ​ពពក ក្រុម​បូជាចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។​

១២

ពេល​នោះ ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​ក្នុង​ពពក​ដ៏​ក្រាស់!

១៣

ទូលបង្គំ​បាន​សង់​ព្រះវិហារ​ដ៏​ថ្កុំថ្កើង​នេះ ធ្វើ​ជា​ព្រះដំណាក់​ថ្វាយ​ព្រះអង្គ​គង់ អស់កល្ប​ជានិច្ច»។

១៤

ព្រះរាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

១៥

ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​សំដែង​ព្រះបារមី ដើម្បី​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ

១៦

គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើសរើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សំរាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើសរើស​ដាវីឌ អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង”។

១៧

ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះដំណាក់​មួយ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

១៨

ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់

១៩

តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ព្រះដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះដំណាក់​សំរាប់​យើង”។

២០

ព្រះអម្ចាស់ ​បាន​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ខ្ញុំ​ក៏​បាន​សង់​ព្រះដំណាក់​នេះ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។

២១

ខ្ញុំ​បាន​រៀបចំ​កន្លែង​មួយ សំរាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី គឺ​សម្ពន្ធមេត្រី​ដែល​ ព្រះអម្ចាស់ ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​យើង នៅ​ពេល​ព្រះអង្គ​នាំ​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីប»។

២២

ព្រះបាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ទ្រង់​លើក​ព្រះហស្ដ​ទៅ​លើ​មេឃ​ហើយ​ទូល​ថា៖

២៣

«បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះអង្គ​ឡើយ។ ព្រះអង្គ​រក្សា​សម្ពន្ធមេត្រី ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​ដើរ​តាម​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។

២៤

ព្រះអង្គ​ប្រោសប្រណី​ដល់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ​ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​សន្យា ដោយសារ​ឫទ្ធិបារមី​របស់​ព្រះអង្គ។

២៥

បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោសប្រណី​ដល់​អ្នក​បំរើ​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល​នៅ​ចំពោះ​មុខ​យើង​ជានិច្ច។

២៦

បពិត្រ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឥឡូវ​នេះ សូម​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​បំរើ​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ!

២៧

តើ​ព្រះជាម្ចាស់ ពិត​ជា​អាច​គង់​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំធេង​ក៏​ពុំ​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹងរឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។

២៨

បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះ​សណ្ដាប់​សំរែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ផង!

២៩

សូម​ទត​មើល​មក​ព្រះដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ទី​នេះ ជា​កន្លែង​សំរាប់​នាម​យើង”។ ពេល​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​អធិស្ឋាន​នៅ​ទី​នេះ សូម​ទ្រង់​ព្រះ​សណ្ដាប់​ផង។

៣០

កាល​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ព្រះសណ្ដាប់​ផង។ បពិត្រ​ ព្រះអម្ចាស់ ​ដែល​គង់​នៅ​ស្ថាន​បរមសុខ សូម​មេត្តា​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​យើង​ខ្ញុំ និង​អត់ទោស​អោយ​យើង​ខ្ញុំ​ផង!

៣១

ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​អោយ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ

៣២

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់ ហើយ​វិនិច្ឆ័យ​ទោស​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

៣៣

កាល​ណា​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​បរាជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ និង​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូលអង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ

៣៤

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ទ្រង់​ព្រះសណ្ដាប់​ហើយ​លើកលែង​ទោស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​ដល់​ដូនតា​របស់​គេ​វិញ។

៣៥

កាល​ណា​មេឃ​រាំង​ស្ងួត​គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ដាក់​ទារុណកម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ និង​លះបង់​អំពើ​បាប

៣៦

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ ហើយ​លើកលែង​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ សូម​បង្រៀន​ពួក​គេ​អោយ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ គឺ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​អោយ​ប្រជារាស្ត្រ​ព្រះអង្គ​ទុក​ជា​កេរមត៌ក។

៣៧

កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត​ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ​ប្រជារាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ

៣៨

ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​មាន​ទុក្ខ​ខ្លោចផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូលអង្វរ​ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះដំណាក់

៣៩

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់ និង​លើកលែង​ទោស​អោយ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។

៤០

ធ្វើ​ដូច្នេះ​ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​យើង​ខ្ញុំ។

៤១

ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល ប្រជារាស្ត្រ​របស់​ព្រះអង្គ​មក​ពី​ស្រុក​ឆ្ងាយ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ

៤២

(ដ្បិត​ព្រះនាម​ដ៏​ឧត្ដុង្គឧត្ដម​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ នឹង​ល្បី​ខ្ចរខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ

៤៣

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូមពរ​ទាំង​ប៉ុន្មាន ដែល​ជនបរទេស​នោះ​ទូល​សូម​ពី​ព្រះអង្គ​ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះអង្គ ដូច​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​នេះ​ពិត​ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​មែន។

៤៤

កាល​ណា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះអង្គ រួច​ទូលអង្វរ​ ព្រះអម្ចាស់ ​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះអង្គ

៤៥

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​អោយ​ពួក​គេ​ផង។

៤៦

កាល​ណា​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្ដី

៤៧

ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះអង្គ​វិញ ហើយ​ទូលអង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។

៤៨

នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូលអង្វរ​ព្រះអង្គ​ឆ្ពោះ​មក​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះអង្គ

៤៩

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។

៥០

សូម​លើកលែង​ទោស​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សូម​បណ្ដាល​អោយ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ​ផង។

៥១

ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​នាំ​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។

៥២

សូម​ព្រះអង្គ​ទត​មើល​មក​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​យើង​ខ្ញុំ គ្រប់​ពេល​ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ។

៥៣

ព្រះអង្គ​បាន​ញែក​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​អោយ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​នាំ​ដូនតា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។

៥៤

ពេល​ព្រះបាទ​សាឡូម៉ូន​ទូល​ ព្រះអម្ចាស់ នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​កន្លែង​ដែល​ស្ដេច​បាន​លុត​ជង្គង់​នោះ។ ស្ដេច​លើក​ព្រះហស្ដ​ឡើង​លើ

៥៥

ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖

៥៦

«សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ដែល​ប្រោស​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បាន​សុខសាន្ត ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​ដ៏​ថ្លៃថ្លា ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

៥៧

សូម​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះអង្គ​គង់​នៅ​ជា​មួយ​បុព្វបុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះអង្គ​កុំ​បោះបង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។

៥៨

សូម​ព្រះអង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះអង្គ ដើម្បី​អោយ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​អោយ​បុព្វបុរស​របស់​ពួក​យើង។

៥៩

សូម​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់ នូវ​ពាក្យ​ដែល​ខ្ញុំ​ទូលអង្វរ​ព្រះអង្គ ហើយ​សូម​ព្រះអង្គ​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

៦០

ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះជាម្ចាស់ គឺ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

៦១

ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ និង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។

៦២

ព្រះបាទ​សាឡូម៉ូន និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ។

៦៣

ព្រះរាជា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​យញ្ញបូជា​មេត្រី​ដល់​ ព្រះអម្ចាស់ គឺ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។

៦៤

ថ្ងៃ​នោះ ព្រះរាជា​ញែក​ទីលាន​នៅ​ខាង​មុខ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​សក្ការៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញបូជា​មេត្រីភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។

៦៥

ក្នុង​ឱកាស​នោះ​ព្រះបាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជាជន​អ៊ីស្រាអែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហាម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ រួច​ហើយ​ប្រាំពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ​។

៦៦

នៅ​ថ្ងៃ​ទី​ប្រាំ​បី​ព្រះរាជា​អោយ​ប្រជាជន​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ថ្វាយ​ពរ​ព្រះរាជា​រួច​ហើយ ប្រជាជន​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីករាយ ព្រោះ​ ព្រះអម្ចាស់ ​បាន​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​ចំពោះ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។

Khmer Bible 1954
Public Domain: 1954