ព្រះគម្ពីរនៅក្នុងមួយឆ្នាំ
កុម្ភៈ ១៧


ម៉ាថាយ ២១:១-២២
១. កាល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​ គឺ​ត្រង់​ក្រុង​បេតផាសេ​ ជិត​ភ្នំ​ដើម​អូលីវ​ ព្រះយេស៊ូ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​
២. ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ភូមិ​នៅ​ទល់​មុខ​អ្នក​ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេលា​មួយ​ដែល​គេ​ចង​ទុក​ជាមួយ​កូន​របស់​វា​ ចូរ​ស្រាយ​នាំ​មក​ឲ្យ​ខ្ញុំ​
៣. ប្រសិន​បើ​មាន​អ្នកណា​សួរ​អ្វី​ដល់​អ្នក​ នោះ​ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​ពួកវា​ ហើយ​គេ​នឹង​ប្រគល់​ពួកវា​ឲ្យ​អ្នក​ភ្លាម»។​
៤. ការ​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​
៥. «ចូរ​ប្រាប់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ថា​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​ ព្រះអង្គ​គង់​លើ​កូន​លា»។​
៦. សិស្ស​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ ហើយ​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បាន​បង្គាប់​ពួកគេ​
៧. ពួកគេ​បាន​ដឹក​មេលា​ និង​កូន​របស់​វា​មក​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​គង់​លើ​វា​
៨. ហើយ​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ក្រាល​អាវ​របស់​គេ​នៅ​លើ​ផ្លូវ​ ឯ​អ្នក​ផ្សេង​ទៀត​នាំ​គ្នា​កាត់​មែក​ឈើ​មក​ក្រាល​លើ​ផ្លូវ​ដែរ​
៩. បណ្ដាជន​ដែល​ដើរ​នាំ​មុខ​ និង​ដើរ​តាម​ក្រោយ​ព្រះអង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖​ «ហូសាណា​ ដល់​ពូជពង្ស​ដាវីឌ​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់!​ ហូសាណា​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»​
១០. កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ អ្នក​ក្រុង​ទាំង​មូល​ក៏​រំជើប​រំជួល​ឡើង​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​ជា​អ្នកណា?»​
១១. បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​
១២. ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្ដេញ​មនុស្ស​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ក្នុង​ព្រះ​វិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប​
១៣. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​តំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​ទៅ​វិញ»។​
១៤. ពួក​មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​បាន​ចូល​មក​ជិត​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​
១៥. ប៉ុន្ដែ​កាល​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ ទាំង​ក្មេងៗ​នាំ​គ្នា​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា​ ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ ផង​នោះ​ ពួកគេ​ក៏​ទាស់ចិត្ដ​ជា​ខ្លាំង​
១៦. ហើយ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំង​នេះ​កំពុង​និយាយ​ដែរ​ទេ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បាទ​ ខ្ញុំ​ឮ​ហើយ​ តើ​ពួក​លោក​មិន​ដែល​អាន​ទេ​ឬ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេងៗ​ និង​ទារក​ដែល​នៅ​បៅ?»​
១៧. ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​
១៨. លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​
១៩. កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​
២០. ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​នឹក​ឆ្ងល់​ទាំង​និយាយ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»​
២១. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ ហើយ​ឥត​សង្ស័យ​សោះ​ នោះ​អ្នក​រាល់គ្នា​អាច​ធ្វើ​បាន​ មិន​ត្រឹម​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ដើម​ល្វា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​អ្នក​រាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ នោះ​នឹង​កើត​ឡើង​ដូច្នោះ​មែន​
២២. ហើយ​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​អ្នក​រាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​ នោះ​នឹង​បាន​ទទួល»។​