ព្រះគម្ពីរនៅក្នុងមួយឆ្នាំ
ឧសភា 20


1 សាំយូអែល ៤:១-២១
១. លោក​សាំយូអែល​ក៏​នាំ​យក​ព្រះបន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ថ្ងៃ​មួយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។
២. ជន​ជាតិ​ភីលីស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន​ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល និង​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។
៣. ទាហាន​ដែល​នៅ​សេសសល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​បណ្ដោយ​អោយ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​អោយ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។
៤. គេ​ក៏​ចាត់​មនុស្ស​អោយ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ដែរ។
៥. ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​មក​ដល់​ទី​តាំង​ទ័ព ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ស្រែក​ជយឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​អោយ​ខ្ទរ​ផែនដី។
៦. កាល​ពួក​ភីលីស្ទីន​ឮ​សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ ព្រះអម្ចាស់ ​មក​ដល់​ជំរំ​ហើយ។
៧. ពួក​ភីលីស្ទីន​ក៏​ភិតភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុការណ៍​ដូច្នេះ​ទេ។
៨. យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! តើ​នរណា​នឹង​រំដោះ​យើង​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន​ជាតិ​អេស៊ីប​អោយ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោស្ថាន។​
៩. ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់អាច​ឡើង ដើម្បី​កុំ​អោយ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។
១០. ពួក​ភីលីស្ទីន​ក៏​ចូល​ប្រយុទ្ធ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​បរាជ័យ បាក់​ទ័ព រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រាអែល​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​កងពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។
១១. ហិប​របស់​ព្រះជាម្ចាស់​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេហាស​ក៏​បាត់​បង់​ជីវិត​ដែរ។
១២. នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​ពី​សមរភូមិ​ទៅ​ដល់​ស៊ីឡូ ខោអាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។
១៣. កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅអី រង់ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះសា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទីក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជាជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោចផ្សា។
១៤. កាល​ឮ​ប្រជាជន​ស្រែក​យំ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំរែក​អឺងកង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ជំរាប​ដំណឹង​ដល់​លោក។
១៥. នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅសិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។
១៦. បុរស​នោះ​ជំរាប​លោក​អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាងម៉េច​ទៅ​ហើយ កូន​អើយ?»។
១៧. បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជំរាប​លោក​ថា៖ «ពួក​អ៊ីស្រាអែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូបនី និង​ភីនេហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។
១៨. ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះជាម្ចាស់​មិន​ទាន់​ចប់​ស្រួលបួល​ផង លោក​អេលី​ធ្លាក់​ពី​កៅអី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​សែសិប​ឆ្នាំ។
១៩. រីឯ​កូន​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេហាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សំរាល​កូន។
២០. ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សំរាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។
២១. នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកាបុដ» ដែល​មាន​ន័យ​ថា «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។

1 សាំយូអែល ៥:១-១២
១. ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-អេស៊ើរ​ទៅ​ក្រុង​អាសដូឌ។
២. ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះជាម្ចាស់ ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះដាកុន។
៣. លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាសដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ។ ពួក​គេ​លើក​រូប​ព្រះដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។
៤. លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។
៥. ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជាចារ្យ​របស់​ព្រះដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។
៦. ព្រះអម្ចាស់ ​សំដែង​ឫទ្ធានុភាព​ដាក់​ទោស​អ្នក​ក្រុង​អាសដូឌ គឺ​ព្រះអង្គ​បង្ក​អោយ​មាន​វិនាសកម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​អាសដូឌ និង​ស្រុក​ភូមិ​នៅ​ជុំវិញ​កើត​ឫសដូងបាត។
៧. កាល​ពួក​គេ​ឃើញ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​ឫទ្ធានុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះដាកុន​របស់​យើង​ខ្លាំង​ណាស់»។
៨. ពួក​គេ​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល?»។ ស្ដេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្រុង​នោះ។
៩. កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះអម្ចាស់ ​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​អោយ​មាន​កើត​វឹកវរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះអង្គ​ដាក់​ទណ្ឌកម្ម​ពួក​គេ​អោយ​កើត​ឫសដូងបាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។
១០. ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជាជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។
១១. ពួក​គេ​ក៏​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​អោយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយសារ​ហិប​នោះ»។ នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ។
១២. អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫសដូងបាត ហើយ​សំរែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

ទំនុកដំកើង ៥៤:១-៧
១. ឱ​ព្រះជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ ដោយ​យល់​ដល់​ឫទ្ធានុភាព​របស់​ព្រះអង្គ។
២. ឱ​ព្រះជាម្ចាស់​អើយ សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង
៣. ដ្បិត​ជន​បរទេស​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរឃៅ​ចង់​ដក​ជីវិត​ទូលបង្គំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវីរវល់​នឹង​ព្រះជាម្ចាស់​ទេ​។
៤. ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ ព្រះអម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។
៥. ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យឈឹង​ទៅ ដោយ​យល់​ដល់​ព្រះហឫទ័យ​ស្មោះ ត្រង់​របស់​ព្រះអង្គ!
៦. ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ចំពោះ​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះនាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស។
៧. ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ អោយ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​បរាជ័យ​។

សុភាសិត ១៥:១២-១៣
១២. មនុស្ស​វាយឫក​ខ្ពស់​មិន​ចូល​ចិត្ត​អោយ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។
១៣. ចិត្ត​សប្បាយ​ធ្វើ​អោយ​ទឹក​មុខ​រីករាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​អោយ​ទឹក​មុខ​ស្រងូតស្រងាត់។

លូកា ២១:១-១៩
១. ព្រះយេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះជាម្ចាស់។
២. ព្រះអង្គ​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេន មក​ដាក់​ក្នុង​ហិប​នោះ​ដែរ។
៣. ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់
៤. ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​សំរាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះជាម្ចាស់​ដែរ»។
៥. អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះវិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះជាម្ចាស់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖
៦. «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។
៧. គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះគ្រូ​អើយ! ហេតុការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សំគាល់​អ្វី​អោយ​យើង​ដឹង​ថា ព្រឹត្តិការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។
៨. ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ”កុំ​តាម​អ្នក​ទាំង​នោះ​អោយ​សោះ។
៩. កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះបោរ មិន​ត្រូវ​ភ័យ​តក់ស្លុត​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។
១០. ព្រះអង្គ​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ​
១១. នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត ព្រម​ទាំង​មាន​អព្ភូតហេតុ​ផ្សេងៗ បណ្ដាល​អោយ​ភ័យ​តក់ស្លុត និង​មាន​ទី​សំគាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។
១២. ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​អោយ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។
១៣. ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​អោយ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។
១៤. ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី
១៥. ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​អោយ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។
១៦. សូម្បី​តែ​ឪពុកម្ដាយ បង​ប្អូន​ញាតិសន្ដាន និង​មិត្តភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​អោយ​គេ​សម្លាប់​ផង​ដែរ។
១៧. មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។
១៨. ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។
១៩. អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ​ទ្រាំ»។